ក្សត្រិយ៍​នោះ គង់នៅ​តែមួយ​អង្គ​ឯង ក្នុង​បណ្ណសាលា​ពិត ម្ល៉េះ​សម​ឃើញ​អាត្មាអញ​ដែល​មិនទាន់​មកដល់ ក៏​ខំ​លួងលោម​ទារក​ទាំងពីរ​ ដែល​មាន​សេចក្តី​ស្រេកឃ្លាន។ កូនតូច​ទាំងនោះ​របស់​អញ ជា​ស្រ្តី​កំព្រា កំសត់​ដោយពិត​ នៅ​អង្គុយ​ (ចាំ​មើលផ្លូវ​) ដូច​កូន​ម្រឹគ​នៅ​បៅ​ទឹកដោះ​ ក្នុង​វេលា​ល្ងាច ឬក្នុង​វេលា​ដែល​បរិភោគ។ កូនតូច​ទាំងនោះ​របស់​អញ​ ជា​ស្រ្តី​កំព្រា កំសត់​ដោយពិត នៅ​អង្គុយ​ (ចាំ​មើលផ្លូវ​) ដូច​កូន​ម្រឹគ​បា្រ​ថ្នា​រក​ទឹកផឹក​ ក្នុង​វេលា​ល្ងាច ឬក្នុង​វេលា​ដែល​បរិភោគ។ កូនតូច​ទាំងនោះ​របស់​អញ​ ជា​ស្រ្តី​កំព្រា កំសត់​ដោយពិត​នាំគ្នា​ឈរ​ចាំ​ទទួល​អញ​ ដូចជា​ពួក​កូនគោ​តូច ឈរ​ចាំ​ទទួល​មេ។ កូនតូច​ទាំងនោះ​របស់​អញ​ ជា​ស្រ្តី​កំព្រា កំសត់​ដោយពិត​ នាំគ្នា​ឈរ​ចាំ​ទទួល​អញ​ ដូចជា​ពួក​ហង្ស​ឈរ​នៅ​លើ​ភក់។ កូនតូច​ទាំងនោះ​របស់​អញ​ជា​ស្រ្តី​កំព្រា​ កំសត់​ដោយពិត នាំគ្នា​ឈរ​ចាំ​ទទួល​អញ ក្នុង​ទី​មិន​ឆ្ងាយ​អំពី​អាស្រម។ ផ្លូវ​តែមួយ ចុះ​បានតែ​ជើង​នៃ​បុគ្គល​ម្នាក់​ ក្បែរ​ខាង​ផ្លូវ មាន​ស្រះ មាន​ជ្រោះ អញ​មិនឃើញ​ផ្លូវ​ដទៃ​សម្រាប់​ទៅកាន់​អាស្រម​បានទេ។ បពិត្រ​ម្រឹគ​ទាំងឡាយ ខ្ញុំ​សូម​ថ្វាយបង្គំ​លោក​ទាំងឡាយ ជា​ស្តេច​មាន​កំឡាំង​ច្រើន​ក្នុង​ព្រៃធំ​ សូម​លោក​ជា​បងប្អូន​នឹងគ្នា​ដោយ​ធម៌ លោក​ទាំងឡាយ កាលបើ​ខ្ញុំ​អង្វរ​ហើយ ក៏​សូមឲ្យ​ផ្លូវ​ដល់​ខ្ញុំ។
ថយ | ទំព័រទី ១៧៧ | បន្ទាប់