បពិត្រ​ព្រះ​ទេវៈ ខ្ញុំម្ចាស់​មិនឃើញ​ (បុត្រ​ទាំងពីរ​) របស់​យើង​សោះ​ ខ្ញុំម្ចាស់​មិនដឹងជា​ (អ្នកណា​) នាំ​យក​បុត្រ​ទាំងនោះ​ទៅ​ ម្នាល​ភិក្ខុ​ទាំងឡាយ នាង​មទ្រី​ត្រាច់​ទៅ​ក្រោមម្លប់​ឈើ និង​ភ្នំ និង​គុហា។ នាង​មទ្រី​មាន​កំពស់​ និង​ទំហំ​ដ៏​ប្រសើរ ជា​រាជបុត្រី​មាន​យស ក៏​ផ្គង​ដើមដៃ​ទាំងពីរ​ កន្ទក់កន្ទេញ​យ៉ាងនេះ​ហើយ ក៏​ដួល​ទៅលើ​ផែនដី​ក្នុង​ទីនោះ។
 [៣៦៥​] ព្រះបាទ​វេស្សន្តរ​ ទ្រង់​ស្រោចស្រព​ព្រះរាជ​បុត្រី​នោះ​ ដែល​បាន​មកដល់​សំណាក់​ព្រះអង្គ បន្ទាប់​អំពី​នោះ​មក ព្រះអង្គ​ជ្រាប​ព្រះរាជ​បុត្រី​នោះ​ ដែល​ស្រួលចិត្ត​ហើយ ទើបបាន​ត្រាស់​នឹង​ព្រះរាជ​បុត្រី​នោះ យ៉ាងនេះ​ថា ហៃ​នាង​មទ្រី អញ​មិន​ចង់​ប្រាប់​សេចក្តី​ទុក្ខ​ ដល់​នាង​អំពី​ដំបូង​ទេ​ មាន​ព្រាហ្មណ៍​ចាស់​កំសត់​ជា​ស្មូម បាន​មកកាន់​លំនៅ។ ហៃ​នាង​មទ្រី អញ​បាន​ឲ្យ​បុត្រ​ទាំងពីរ​ ដល់​ព្រាហ្មណ៍​នោះ​ហើយ នាង​កុំ​ភិតភ័យ​អ្វី នាង​ចូរ​ស្រួលចិត្ត​ចុះ ហៃ​នាង​មទ្រី នាង​ចូរ​មើល​មក​អញ​ កុំ​មើល​បុត្រ​ទាំងពីរ កុំ​ខ្សឹកខ្សួល​ខ្លាំង​ឡើយ កាលបើ​យើង​រស់នៅ បាន​សុខសប្បាយ ក៏​គង់​បាន​ (ចួប​ប្រទះ​) នឹង​បុត្រ​វិញ។ សប្បុរស​បានឃើញ​ពួក​ស្មូម​មក​ហើយ គប្បី​ឲ្យ​កូន សត្វ​ចិញ្ចឹម ធញ្ញជាតិ និង​ទ្រព្យ​ដទៃ​ដែល​មាន​ក្នុង​ផ្ទះ​ជា​ទាន ហៃ​នាង​មទ្រី នាង​ចូរ​រីករាយ​តាម​នូវ​អំណោយ​បុត្រ​ដ៏​ឧត្តម​របស់​អញ។
ថយ | ទំព័រទី ១៨៧ | បន្ទាប់