គួរ​មានការ​មិន​មានទុក្ខ ដោយ​ប្រការ​ដូចម្តេច មាណព​ឈ្មោះថា​ ពោល​ពាក្យពិត តើ​ដោយ​ប្រការ​ដូចម្តេច បុគ្គល​ជា​គ្រហស្ថ ចេញ​ចាកលោក​នេះ​ ទៅកាន់​លោកខាងមុខ លុះ​ទៅកាន់​លោកខាងមុខ​ហើយ រមែង​មិន​សោក​ស្តាយ​ តើ​ដោយ​ប្រការ​ដូចម្តេច។
 [១១៦​] (អភិ​សម្ពុទ្ធ​គាថា​) វិធុរបណ្ឌិត​អ្នកមាន​ញាណ​គតិ​ មាន​ព្យាយាម មាន​ប្រាជ្ញា​យល់​អត្ថ យល់​ធម៌​ទាំងពួង​ បាន​ឆ្លើយ​ប្រស្នា​នុ៎ះ នឹង​ព្រះរាជា​នោះ ក្នុង​រោង​ធម្មសភា​នោះ​ថា គ្រហស្ថ​មិន​គប្បី​ជា​អ្នកមាន​ប្រពន្ធ​សាធារណៈ​ មិន​គួរ​បរិភោគ​អាហារ​មាន​រស​ឆ្ងាញ់​តែម្នាក់ឯង មិន​គួរ​គប់​រករឿង​ផ្តេសផ្តាស ដែល​ទាក់ទង​នឹង​លោក​ (ព្រោះ​) រឿង​បែប​នុ៎ះ មិនមែន​ជា​គ្រឿង​ចំរើន​ប្រាជ្ញា​ទេ។ គ្រហស្ថ​ គួរ​ជា​អ្នកមានសីល បរិបូណ៌​ដោយ​វត្ត មិន​ប្រហែស មាន​ប្រាជ្ញាវាងវៃ ជា​អ្នក​ប្រព្រឹត្ត​ឱនលំទោន​ មិន​រឹងត្អឹង ជា​អ្នក​ស្លូតបូត មាន​ពាក្យទន់​ពីរោះ មាន​អាការ​ដ៏​ទន់ភ្លន់។ ជា​អ្នក​សង្រ្គោះ​មិត្រ​ទាំងឡាយ​ ជា​អ្នក​ចែក​រលែក​ទាន មានការ​ចាត់ចែង​ដ៏​ល្អ ញ៉ាំង​សមណព្រាហ្មណ៍​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ដោយ​បាយ​ និង​ទឹក ក្នុង​កាល​ទាំងពួង។ ជា​អ្នក​ប្រាថ្នា​សុចរិតធម៌ ទ្រទ្រង់​ការចេះដឹង ជា​អ្នក​សាកសួរ​ ឧស្សាហ៍​ចូល​ទៅ​រក​អ្នកមានសីល ជា​ពហុស្សូត ដោយ​គោរព។
ថយ | ទំព័រទី ៥៣ | បន្ទាប់