អញ​មិនមែន​មាន​កិច្ច​តិចតួច ដោយ​ជីវិត​របស់​វិធុរបណ្ឌិត​នេះ​ (ក្នុង​ភព​នាគ​នោះ​ទេ​) អញ​នឹង​សំឡាប់​វិធុរបណ្ឌិត​នេះ​ ហើយ​នាំ​យក​តែ​ដួង​ហ្ឫ​ទ័យ​ទៅ។
 [១៥៣​] មាណព​កច្ចាយន​គោត្រ​នោះ​ មានចិត្ត​ប្រទូស្ត បាន​ទៅ​ក្នុង​ចន្លោះភ្នំ​នោះ ហើយ​ចូល​ទៅ​ខាងក្នុង​ភ្នំ​ ចាប់​ព្រះ​មហាសត្វ យក​ក្បាល​ចុះក្រោម​ (គ្រវែង​ទៅ​) ក្នុង​ប្រទេស​នៃ​ផែនដី​ដែល​មិន​មាន​អ្វី​ប៉ះពាល់​ឡើយ។
 [១៥៤​] វិធុរបណ្ឌិត​នោះ ជា​អាមាត្យ​ដ៏​ប្រសើរ​របស់​អ្នក​ដែន​កុរុ កាល​សំយុង​ចុះ ទៅ​ក្នុង​រណ្តៅ​ជ្រោះ​ ជាទី​មាន​ភ័យ​ដ៏​ធំ គួរ​ព្រួច​ព្រឺរោម ដែល​លំបាក​នឹង​ទៅ​ក្រៃលែង​ តែ​មិន​តក់ស្លុត ហើយ​ពោល​នឹង​បុណ្ណ​កយក្ស​យ៉ាងនេះ​ថា អ្នកជា​មនុស្ស​មិន​ប្រសើរ​ តែ​ធ្វើដូចជា​ប្រសើរ​ ជា​អ្នក​មិន​សង្រួម តែ​មាន​អា​ការ​ហាក់ដូចជា​អ្នក​សង្រួម​ អ្នកធ្វើ​អំពើអាក្រក់​ឥតប្រយោជន៍ ចំណែក​កុសល​តិចតួច ឥតមាន​ក្នុងចិត្ត​នៃ​អ្នក​ទេ។ អ្នក​ចង់​ទំលាក់​ខ្ញុំ​ទៅ​ក្នុង​រណ្តៅ​ជ្រោះ ដោយហេតុ​ណា ប្រយោជន៍​ដូចម្តេច​ដោយ​ការ​សំឡាប់​ខ្ញុំ​នឹង​មានដល់​អ្នក​ ដោយហេតុ​នោះ ក្នុងថ្ងៃនេះ អ្នកមាន​ភេទ​ដូចជា​មិនមែន​ភេទ​នៃ​មនុស្ស​ទេ​ ចូរ​អ្នក​ប្រាប់​ខ្ញុំ អ្នកជា​ទេវតា ឬជា​អ្វី។
ថយ | ទំព័រទី ៧១ | បន្ទាប់