តិះដៀលខ្លួនឯងថា សម្ផប្បលាបៈ អាត្មាអញបានធ្វើហើយ ការវៀរចាកសម្ផប្បលាបៈ អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួនឯងថា អភិជ្ឈា អាត្មាអញបានធ្វើហើយ អនភិជ្ឈា អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួឯងថា ព្យាបាទ អាត្មាអញបានធ្វើហើយ អព្យាបាទ អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួនឯងថា មិច្ឆាទិដ្ឋិ អាត្មាអញបានធ្វើហើយ សម្មាទិដ្ឋិ អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួនឯង ព្រោះអំពើដែលខ្លួនបានធ្វើហើយ និងអំពើដែលខ្លួនមិនបានធ្វើហើយ យ៉ាងនេះឯង។ ម្យ៉ាងទៀត បុគ្គលតិះដៀលខ្លួនឯងថា អាត្មាអញជាអ្នកមិនបានធ្វើឲ្យពេញលេញ ក្នុងសីលទាំងឡាយ។ តិះដៀលខ្លួនឯងថា អាត្មាអញជាអ្នកមិនបានគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ។ តិះដៀលខ្លួនឯងថា អាត្មាអញជាអ្នកមិនដឹងប្រមាណក្នុងភោជន។ តិះដៀលខ្លួនឯងថា អាត្មាអញជាអ្នកមិនប្រកបរឿយៗ នូវការភ្ញាក់រលឹក។ តិះដៀលខ្លួនឯងថា អាត្មាអញជាអ្នកមិនប្រកបដោយសតិសម្បជញ្ញៈ។ តិះដៀលខ្លួនឯងថា សតិប្បដ្ឋានទាំង ៤ អាត្មាអញមិនបានចំរើនទេ។ តិះដៀលខ្លួនឯងថា សម្មប្បធានទាំង ៤ អាត្មាអញមិនបានចំរើនទេ។ តិះដៀលខ្លួនឯងថា ឥទ្ធិបាទទាំង ៤ អាត្មាអញមិនបានចំរើនទេ។ តិះដៀលខ្លួនឯងថា ឥន្រ្ទិយទាំង ៥ អាត្មាអញមិនបានចំរើនទេ។