[៦៨​] អធិប្បាយ​ពាក្យ​ថា​ មាន​ព្រួញ​ដក​ហើយ​ ប្រព្រឹត្ត​មិន​ប្រមាទ​ ត្រង់​ពាក្យ​ថា​ ព្រួញ​ បាន​ដល់​ព្រួញ​ ៧ គឺ​ ព្រួញ​គឺ​រាគៈ​ ព្រួញ​គឺ​ទោសៈ​ ព្រួញ​គឺ​មោហៈ​ ព្រួញ​គឺ​មា​នះ​ ព្រួញ​គឺ​ទិដ្ឋិ​ ព្រួញ​គឺ​សោក​ ព្រួញ​គឺ​សេចក្តី​សង្ស័យ។ ព្រួញ​ទាំងឡាយ​នេះ​ បុគ្គល​ណា​បាន​លះបង់​ហើយ​ បាន​ផ្តាច់ផ្តិល​ហើយ​ បាន​រម្ងាប់​ហើយ​ បាន​គ្រប​សង្កត់​ហើយ​ មិន​គួរ​ឲ្យ​កើត​បាន​ បាន​ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ បុគ្គល​នោះ​ លោក​ហៅថា​ អ្នកមាន​ព្រួញ​ដក​ហើយ​ មាន​ព្រួញ​ភើច​ឡើង​ហើយ​ មាន​ព្រួញ​គាស់​ឡើង​ហើយ​ មាន​ព្រួញ​រំលើង​ឡើង​ហើយ​ មាន​ព្រួញ​ហូត​ឡើង​ហើយ​ មាន​ព្រួញ​ហូត​ឡើង​ព្រម​ហើយ​ មាន​ព្រួញ​លះ​ចេញ​ហើយ​ មាន​ព្រួញ​ខ្ជាក់​ចោល​ហើយ​ មាន​ព្រួញ​រួច​ស្រឡះ​ហើយ​ មាន​ព្រួញ​លះបង់​ហើយ​ មាន​ព្រួញ​រលាស់ចោល​ហើយ​ មិន​មាន​សេចក្តី​ស្រេកឃ្លាន​ មានទុក្ខ​រលត់​ហើយ​ មាន​សេចក្តី​ត្រជាក់​ ទទួល​សុខ​ សម្រេច​នៅ​ដោយចិត្ត​ដ៏​ប្រសើរ​ ហេតុ​នោះ​ទ្រង់​ត្រាស់​ថា​ មាន​ព្រួញ​ដក​ឡើង​ហើយ​ ពាក្យ​ថា​ ប្រព្រឹត្ត​ គឺ​ចរ​ទៅ​ នៅ​ ដើរទៅ​ រក្សា​ ត្រាច់​ទៅ​ ញុំាង​ឥរិយាបទ​ឲ្យ​ត្រាច់​ទៅ។ ពាក្យ​ថា​ មិន​ប្រ​ហែ​ស គឺ​ធ្វើ​គោរព​ ធ្វើ​រឿយ​ៗ ធ្វើ​មិនឈប់​ ប្រព្រឹត្ត​មិន​ធូរ​ថយ​ មិន​ទម្លា​ក់​ចោល​នូវ​ឆន្ទៈ​ មិន​ដាក់ធុរៈ​ចោល​ក្នុង​កុសល​ធម៌​ទាំង​ឡាយ។
ថយ | ទំព័រទី ១១០ | បន្ទាប់