[៨៥] ភិក្ខុណាជាអ្នកស្ងប់រម្ងាប់ផង អ្នកមានចិត្តរលត់ផង អ្នកមិនអួតអាងចំពោះសីលទាំងឡាយថា អាត្មាអញដូច្នេះផង កិលេសដ៏ក្រាស់ណាមួយក្នុងលោក នៃភិក្ខុណា មិនមានផង ជនអ្នកឈ្លាសវៃទាំងឡាយ រមែងពោលនូវភិក្ខុនោះថា ជាអ្នកមានអរិយធម៌។
[៨៦] អធិប្បាយពាក្យថា ភិក្ខុណាជាអ្នកស្ងប់រម្ងាប់ផង អ្នកមានចិត្តរលត់ផង ត្រង់ពាក្យថា អ្នកស្ងប់រម្ងាប់ គឺអ្នកស្ងប់រម្ងាប់ ព្រោះជាអ្នកស្ងប់រម្ងាប់រាគៈ អ្នកស្ងប់រម្ងាប់ ព្រោះជាអ្នកស្ងប់រម្ងាប់ទោសៈ អ្នកស្ងប់រម្ងាប់ ព្រោះជាអ្នកស្ងប់រម្ងាប់មោហៈ អ្នកស្ងប់រម្ងាប់ ចូលទៅជិតស្ងប់ រំលត់ រលាស់ចេញ ព្រោះជាអ្នកស្ងប់រម្ងាប់ ចូលទៅជិតស្ងប់ ដុត រំលត់ បា្រសចេញ រលាស់ចេញនូវកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្រហល់ក្រហាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង ការតាក់តែងនូវអកុសលទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកស្ងប់រម្ងាប់។