[១០៦] អធិប្បាយពាក្យថា ជនគប្បីពោលនូវបុគ្គលមិនមានការអែបនែបដោយកិលេសណា ដូចម្ដេចបាន ត្រង់ពាក្យថា ការអែបនែប បានដល់ការអែបនែប ២ គឺការអែបនែបគឺតណ្ហា ១ ការអែបនែបគឺទិដ្ឋិ ១។បេ។ នេះឈ្មោះថា ការអែបនែបគឺតណ្ហា។បេ។ នេះឈ្មោះថា ការអែបនែបគឺទិដ្ឋិ។ បុគ្គលនោះ លះបង់ការអែបនែបគឺតណ្ហា រលាស់ចោលការអែបនែបគឺទិដ្ឋិ ព្រោះការអែបនែបគឺតណ្ហា លោកលះបង់ហើយ ព្រោះការអែបនែបគឺទិដ្ឋិ លោករលាស់ចេញហើយ ជនគប្បីពោលនូវបុគ្គលមិនមានកិលេស ជាគ្រឿងអែបនែបដោយរាគៈដូចម្តេច គប្បីពោលដោយទោសៈដូចម្តេច គប្បីពោលដោយមោហៈដូចម្តេច គប្បីពោលដោយមានះដូចម្តេច គប្បីពោលដោយទិដ្ឋិដូចម្តេច គប្បីពោលដោយឧទ្ធច្ចៈដូចម្តេច គប្បីពោលដោយវិចិកិច្ឆាដូចម្តេច គប្បីពោលដោយអនុស័យទាំងឡាយដូចម្តេច ថាជាអ្នកត្រេកអរក្តី ថាជាអ្នកខឹងក្តី ថាជាអ្នកវង្វេងក្តី ថាជាអ្នកជាប់ចំពាក់ក្តី ថាជាអ្នកស្ទាបអង្អែលក្តី ថាជាអ្នកដល់នូវការរាយមាយក្តី ថាជាអ្នកដល់នូវការមិនដាច់ស្រេចក្តី ថាជាអ្នកដល់នូវកម្លាំងក្តី។ អភិសង្ខារទាំងនោះ បុគ្គលនោះលះបង់ហើយ ជនគប្បីពោលនូវគតិទាំងឡាយថា ជាអ្នកកើតក្នុងនរកដូច្នេះក្តី។បេ។ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនដូច្នេះក្តី ដោយហេតុដូចម្តេចបាន ព្រោះអភិសង្ខារទាំងឡាយ លោកលះបង់ហើយ។