[១១៩] ព្រាហ្មណ៍ មិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះផ្លូវដទៃ ព្រោះអារម្មណ៍ដែលឃើញ ឬឮ ព្រោះសីល និងវត្ត ឬព្រោះអារម្មណ៍ដែលប៉ះពាល់ឡើយ ទាំងជាអ្នកមិនជាប់នៅក្នុងបុណ្យ និងបាប ជាអ្នកលះបង់នូវអត្តា ជាអ្នកលែងធ្វើក្នុងលោកនេះ។
[១២០] អធិប្បាយពាក្យថា ព្រាហ្មណ៍ មិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះផ្លូវដទៃ ព្រោះអារម្មណ៍ដែលខ្លួនឃើញ ឬឮ ព្រោះសីល និងវត្ត ឬព្រោះអារម្មណ៍ដែលប៉ះពាល់ឡើយ ត្រង់ពាក្យថា មិន គឺជាពាក្យបដិសេធ។ ពាក្យថា ព្រាហ្មណ៍ គឺបុគ្គលដែលឈ្មោះថា ព្រាហ្មណ៍ ព្រោះបន្សាត់បង់នូវធម៌ ៧ គឺ ជាអ្នកបន្សាត់បង់សក្កាយទិដ្ឋិ បន្សាត់បង់វិចិកិច្ឆា បន្សាត់បង់សីលព្វតបរាមាសៈ បន្សាត់បង់រាគៈ បន្សាត់បង់ទោសៈ បន្សាត់បង់មោហៈ បន្សាត់បង់មានះ។ លោកបន្សាត់បង់អកុសលធម៌ទាំងឡាយដ៏លាមក ជាធម៌ប្រកបដោយសេចក្តីសៅហ្មងព្រម មានកិរិយានាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានផលជាទុក្ខ ជាបច្ច័យរបស់ជាតិ ជរា និងមរណៈ តទៅទៀត។
(ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលសភិយៈ) បុគ្គលណាដែលបន្សាត់ចោល នូវធម៌ដ៏លាមកទាំងពួង ជាអ្នកមានមន្ទិលទៅបា្រសហើយ មានចិត្តតម្កល់មាំដោយប្រពៃ