មានសតិព្រោះជាអ្នកស្ទាត់ក្នុងសតិ មានសតិព្រោះជាអ្នកថ្នឹកក្នុងសតិ មានសតិព្រោះជាអ្នកមិនឃ្លៀងឃ្លាតចាកសតិ។ មានសតិដោយហេតុ ៤ យ៉ាងផ្សេងទៀត គឺមានសតិព្រោះជាអ្នកមានស្មារតី មានសតិព្រោះជាអ្នកស្ងប់ មានសតិព្រោះជាអ្នករម្ងាប់ មានសតិព្រោះជាអ្នកប្រកបដោយសប្បុរិសធម៌។ មានសតិព្រោះការរលឹករឿយ ៗ ចំពោះព្រះពុទ្ធ មានសតិព្រោះការរលឹករឿយ ៗ ចំពោះព្រះធម៌ មានសតិព្រោះការរលឹករឿយ ៗ ចំពោះព្រះសង្ឃ មានសតិព្រោះការរលឹករឿយៗ ចំពោះសីល មានសតិព្រោះការរលឹករឿយ ៗ ចំពោះការលះ មានសតិព្រោះការរលឹករឿយ ៗ ចំពោះគុណធម៌នៃទេវតា មានសតិព្រោះការរលឹករឿយ ៗ ចំពោះខ្យល់ដង្ហើមចេញចូល មានសតិព្រោះការរលឹករឿយ ៗ ចំពោះមរណៈ មានសតិព្រោះការរលឹករឿយ ៗ ចំពោះកាយ មានសតិព្រោះការរលឹករឿយ ៗ ចំពោះឧបសមៈ គឺនិព្វាន។ កិរិយារលឹក រលឹករឿយ ៗ រលឹកចំពោះ ឈ្មោះថាសតិ ភាពនៃកិរិយារលឹក ភាពនៃកិរិយាចាំទុក ភាពនៃកិរិយាមិនភ្លេចភ្លាំង ភាពនៃកិរិយាមិនវង្វេង ឈ្មោះថាសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ សតិសម្ពោជ្ឈង្គ ឯកាយនមគ្គ (ផ្លូវជាទីប្រព្រឹត្តទៅនៃបុគ្គលម្នាក់ឯង) នេះលោកហៅថា សតិ។ បុគ្គលណា កៀកកើយ អែបនែប ចូលទៅជិត ចូលផ្តេកផ្តិត មូលមិត្រ បរិបូណ៌ប្រកបដោយសតិនេះ បុគ្គលនោះ លោកហៅថា អ្នកមានស្មារតី។