តណ្ហា លោកហៅថា ការដំកល់ទុក បានដល់សេចក្តីត្រេកអរ សេចក្តីត្រេកអរដ៏មានកម្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា ដើម្បីភពតូច និងភពធំ គឺដើម្បីកម្មភព បុនព្ភព ឈ្មោះថាភពតូចនិងភពធំ គឺថាដើម្បីកាមភព កម្មភព កាមភព បុនព្ភព រូបភព កម្មភព រូបភព បុនព្ភព អរូបភព កម្មភព អរូបភព បុនព្ភព គឺថាដើម្បីការកើតរឿយ ៗ ការទៅរឿយ ៗ ឧបបត្តិរឿយ ៗ បដិសន្ធិរឿយ ៗ ការញុំាងអត្តភាព ឲ្យកើតរឿយ ៗ។ ពាក្យថា លោកនេះ គឺអត្តភាពរបស់ខ្លួន។ ពាក្យថា លោកដទៃ គឺអត្តភាពរបស់បុគ្គលដទៃ។ ពាក្យថា លោកនេះ គឺរូប វេទនា សញ្ញា សង្ខារ វិញាណរបស់ខ្លួន។ ពាក្យថាលោកដទៃ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណរបស់បុគ្គលដទៃ។ ពាក្យថា លោកនេះ គឺ អាយតនៈខាងក្នុង ៦។ ពាក្យថា លោកដទៃ គឺអាយតនៈខាងក្រៅ ៦។ ពាក្យថា លោកនេះ គឺមនុស្សលោក។ ពាក្យថា លោកដទៃ គឺទេវលោក។ ពាក្យថា លោកនេះ គឺ កាមធាតុ។ ពាក្យថា លោកដទៃ គឺរូបធាតុ អរូបធាតុ។ ពាក្យថា លោកនេះ គឺកាមធាតុ រូបធាតុ។ ពាក្យថា លោកដទៃ គឺអរូបធាតុ។