[១៧១] អធិប្បាយពាក្យថា ការពិនិត្យហើយប្រកាន់ក្នុងធម៌ទាំងឡាយ ត្រង់ពាក្យថា ក្នុងធម៌ទាំងឡាយ គឺក្នុងទិដ្ឋិ ៦២។ ពាក្យថា ពិនិត្យ គឺការពិនិត្យ ពិចារណា សន្សំ ជ្រើសរើស ថ្លឹង ត្រិះរិះ សំដែងឲ្យជាក់ច្បាស់ ធ្វើឲ្យបា្រកដ ហើយកាន់យកតាមជួរកាន់យកតាមចំណែក កាន់យកមាំ កាន់យកតាមសង្កាត់ កាន់យកជាគំនរ កាន់យកដោយការសន្សំព្រម គឺសេចក្តីប្រកាន់ ការស្ទាបអង្អែល ការប្រកាន់ស្អិត ការប្រកាន់ស៊ប់ ការចុះចិត្តជឿថា នេះទៀង ពិត មិនឃ្លៀងឃ្លាត បា្រកដ គួរតាមសភាពពិត មិនប្រែប្រួល រមែងមិនមាន មិនមានព្រម មិនកើតមាន គឺបុគ្គលបានលះបង់ហើយ ផ្តាច់ផ្តិលហើយ រម្ងាប់ហើយ ស្ងប់ហើយ ធ្វើមិនគួរឲ្យកើត ដុតបំផ្លាញដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ការពិនិត្យហើយប្រកាន់ក្នុងធម៌ទាំងឡាយ។ ហេតុនោះ ព្រះមានព្រះភាគ សំដែងថា
ការតាំងទុកអន្តៈទាំងពីរ ក្នុងលោកនេះ និងលោកដទៃ ដើម្បីភពតូច ភពធំនេះ នៃបុគ្គលណា មិនមានទេ ជម្រកទាំងឡាយណាមួយ (និង) ការពិនិត្យ ហើយប្រកាន់ក្នុងធម៌ទាំងឡាយ នៃបុគ្គលនោះ មិនមានឡើយ។