ទុក្ខរមែងជាប់តាមបុគ្គលនោះ ព្រោះអន្តរាយនោះ ដូចជាទឹក កាលជ្រាបចូលកាន់នាវា ដែលបែកធ្លាយ។
[២១] អធិប្បាយពាក្យថា កិលេស មិនមានកម្លាំងទាំងឡាយ រមែងសង្កត់សង្កិនបុគ្គលនោះ ត្រង់ពាក្យថា កិលេសមិនមានកម្លាំងទាំងឡាយ គឺកិលេសទាំងឡាយ មិនមានកម្លាំង មានកម្លាំងថយ មានកម្លាំងតិច មានសេចក្តីប្រឹងប្រែងតិច ថោកទាប ស្តួចស្តើង អន់ថយ ជ្រោកជ្រាក លាមក អាក្រក់ តិចតួច។ កិលេសទាំងឡាយនោះ រមែងញាំញី ទន្រ្ទាន សង្កត់ គ្របសង្កត់ រួបរឹត ឈ្លេចឈ្លីបុគ្គលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេសមិនមានកម្លាំងទាំងឡាយ រមែងសង្កត់សង្កិនបុគ្គលនោះ យ៉ាងនេះខ្លះ។ មួយទៀត កិលេសទាំងឡាយនោះ រមែងញាំញី ទន្រ្ទាន សង្កត់ គ្របសង្កត់ រួបរឹត ឈ្លេចឈ្លីនូវបុគ្គលមិនមានកម្លាំង មានកម្លាំងថយ មានកម្លាំងតិច មានសេចក្តីប្រឹងប្រែងតិច ថោកទាប ស្តួចស្តើង អន់ថយ ជ្រោកជ្រាក លាមក អាក្រក់ តិចតួច នូវបុគ្គលដែលមិនមានកម្លាំង គឺសទ្ធា កម្លាំងគឺព្យាយាម កម្លាំង គឺសតិ កម្លាំង គឺសមាធិ កម្លាំង គឺបញ្ញា កម្លាំង គឺហិរិ កម្លាំង គឺឱត្តប្បៈ ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេសមិនមានកម្លាំងទាំងឡាយ រមែងសង្កត់សង្កិនបុគ្គលនោះ យ៉ាងនេះខ្លះ។