ជា​អ្នក​មិន​អាស្រ័យ​ (នូវ​ទិដ្ឋិ​) ជា​អ្នក​នឹងធឹង​ បុគ្គល​នោះ​លោក​ហៅថា​ ព្រាហ្មណ៍។ ពាក្យ​ថា​ បុគ្គល​ដែល​ជា​ព្រាហ្មណ៍​ មិន​ប្រកាន់ទិដ្ឋិ​នោះ​ បាន​សេចក្តី​ថា​ បុគ្គល​ជា​ព្រាហ្មណ៍​នោះ​ មិន​ប្រកាន់​ មិន​កាន់​យក​ មិន​ស្ទាបអង្អែល​ មិន​ប្រកាន់​ស្អិត​នូវ​ទិដ្ឋិ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​ដែល​ជា​ព្រាហ្មណ៍​ មិន​ប្រកាន់ទិដ្ឋិ​នោះ។
 [១៧៥​] អធិប្បាយ​ពាក្យ​ថា​ គប្បី​កំណត់​ក្នុង​លោក​នេះ​ ដោយ​កិលេស​ដូចម្តេច​បាន​ ត្រង់​ពាក្យ​ថា​ កំណត់​ បាន​ដល់​ការកំណត់​ ២ គឺ​ការកំណត់​គឺ​តណ្ហា​ ១ ការកំណត់​ គឺ​ទិដ្ឋិ​ ១។បេ។ នេះ​ ការកំណត់​គឺ​តណ្ហា។បេ។ នេះ​ការកំណត់​គឺ​ទិដ្ឋិ។ ការកំណត់​គឺ​តណ្ហា​ ព្រាហ្មណ៍​នោះ​ លះបង់​ហើយ​ ការកំណត់​គឺ​ទិដ្ឋិ​ ព្រាហ្មណ៍​នោះ​ រលាស់ចោល​ហើយ​ ព្រោះ​លោក​បាន​លះបង់​នូវ​ការកំណត់​គឺ​តណ្ហា​ បាន​រលាស់ចោល​នូវ​ការកំណត់​គឺ​ទិដ្ឋិ​ អ្នកផង​គប្បី​កំណត់​ដោយ​រាគៈ​ដូចម្តេច​ កំណត់​ដោយ​ទោសៈ​ដូចម្តេច​ កំណត់​ដោយ​មោហៈ​ដូចម្តេច​ កំណត់​ដោយ​មា​នះ​ដូចម្តេច​ កំណត់​ដោយ​ទិដ្ឋិ​ដូចម្តេច​ កំណត់​ដោយ​ឧទ្ធច្ចៈ​ដូ​ចម្តេច​ កំណត់​ដោយ​វិចិកិច្ឆា​ដូចម្តេច​ កំណត់​ដោយ​អនុស័យ​ទាំងឡាយ​ដូច​ម្តេច​ថា​ លោក​ជា​អ្នក​ត្រេកអរ​ ថា​ជា​អ្នក​ប្រទូស្ត​ ថា​ជា​អ្នក​វង្វេង​ ថា​ជា​អ្នក​ជាប់​ចំពាក់​ ថា​ជា​អ្នក​ស្ទាបអង្អែល​ ថា​ជា​អ្នក​ដល់​នូវ​សេចក្តី​រាយមាយ​ ថា​ជា​អ្នក​ដល់​នូវ​ការ​មិន​ដាច់​ស្រេច​ ឬថា​ជា​អ្នក​ដល់​នូវ​កម្លាំង។
ថយ | ទំព័រទី ២១១ | បន្ទាប់