ពួកទេវតាណា ឋិតនៅអស់ ៨៤ ពាន់កប្ប ទេវតាទាំងនោះ មិនមែនប្រកបដោយចិត្ត ២ ហើយរស់នៅទេ ខន្ធទាំងឡាយណា របស់បុគ្គលដែលស្លាប់ទៅក្តី រស់នៅក្តី រលត់ហើយក្នុងលោកនេះ ខន្ធទាំងអស់នោះ ក៏ដូចគ្នា ទៅបដិសន្ធិទៀតមិនបាន ខន្ធទាំងឡាយណា ដែលកន្លងទៅជាលំដាប់ បែកធ្លាយហើយផង ខន្ធទាំងឡាយណា ជាអនាគត នឹងបែកធ្លាយផង សេចក្តីផ្សេងគ្នានៃខន្ធទាំងឡាយជាបច្ចុប្បន្ន ដែលរលត់ហើយ ក្នុងចន្លោះនៃខន្ធទាំងពីរនោះ រមែងមិនមានក្នុងលក្ខណៈ សត្វលោកដែលកើតហើយដោយអនាគតក្ខន្ធ ដែលមិនទាន់កើត មិនឈ្មោះថា រស់នៅហើយ ទាំងមិនឈ្មោះថា កំពុងរស់នៅក្នុងខន្ធជាបច្ចុប្បន្នទេ សត្វលោកស្លាប់ដោយការបែកធ្លាយនៃចិត្ត (នេះជា) បញ្ញតិ្តនៃបរមត្ថ ការប្រែប្រួលទៅដោយឆន្ទៈ ដូចជាទីទាប រមែងប្រព្រឹត្តទៅ ដូច្នោះ វេទនាទាំងឡាយ មានសឡាយតនៈជាបច្ច័យ មានវារៈមិនដាច់ តែងប្រព្រឹត្តទៅ ខន្ធទាំងឡាយ ដែលបែកធ្លាយហើយ ក៏មិនដល់នូវការតំកល់ទុក គំនរនៃខន្ធក្នុងអនាគត ក៏មិនមាន ខន្ធទាំងឡាយដែលកើតឡើងហើយ រមែងឋិតនៅ ដូចគ្រាប់ស្ពៃដែលឋិតនៅលើចុងដែកស្រួច