អំពើ​របស់​នាម​ ពាក្យ​ទ្រទ្រង់នូវ​នាម​ ភាសា​ ព្យញ្ជនៈ​ ការ​ហៅរក។ ពាក្យ​ថា​ គេ​តែង​ពោល​ គឺ​គេ​តែង​សំដែង​ តែង​និយាយ​ តែង​បំភ្លឺ​ តែង​បញ្ចេញ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) នាម​នេះ​ របស់​ពួក​ជន​ណា​ដែលគេ​តែង​ពោល។
 [២០៤​] ពាក្យ​ថា​ នាម​ហ្នឹងឯង​ដែល​គួរ​ហៅ​បាន​ រមែង​សល់​នៅ​ សេចក្តី​ថា​ រូប​ វេទនា​ សញ្ញា​ សង្ខារ​ វិញ្ញាណ​ ដែល​ឃ្លាត​ចេញ​ លះ​ចេញ​ស្រឡះ​ បាត់បង់​ វិនាស​ តែ​នាម​រមែង​សល់​នៅ។ ពាក្យ​ថា​ គួរ​ហៅ​បាន​ គឺ​ គួរ​ពោល​ សំដែង​ បំភ្លឺ​ បញ្ចេញ​បាន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) នាម​ហ្នឹងឯង​ ដែល​គួរ​ហៅ​បាន​ រមែង​សល់​នៅ។ ពាក្យ​ថា​ ទៅកាន់​បរលោក​ របស់​បទ​ថា​ របស់​សត្វ​ទៅកាន់បរលោក​ គឺ​ សត្វ​ស្លាប់​ ធ្វើ​មរណកាល​ហើយ។ ពាក្យ​ថា​ របស់​សត្វ​ គឺ​របស់​សត្វ​ នរៈ​ មាណព​ បុរស​ បុគ្គល​ សត្វ​មាន​ជីវៈ​ សត្វ​មាន​ជាតិ​ សត្វ​មាន​ជរា​ សត្វ​ទៅ​ដោយ​ឥន្រ្ទិយ​ សត្វ​មាន​ជាតិ​អំពី​មនុស្ស​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) របស់​សត្វ​ទៅកាន់បរលោក​ ដែល​គួរ​ហៅ​បាន។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
នាម​នេះ​ របស់​ពួក​ជន​ណា​ ដែលគេ​តែង​ពោល​ ​ពួក​ជន​នោះ​ គេ​ឃើញ​ខ្លះ​ ឮខ្លះ​ នាម​ហ្នឹងឯង​របស់​សត្វ​ ទៅកាន់​បរលោក​ ដែលគេ​គួរ​ហៅ​បាន​ រមែង​សល់​នៅ។
ថយ | ទំព័រទី ២៤០ | បន្ទាប់