[២០៥] ពួកជនអ្នកបា្រថ្នា រមែងមិនលះបង់នូវសេចក្តីសោក សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ ក្នុងវត្ថុដែលហួងហែង ព្រោះហេតុនោះ មុនិទាំងឡាយ ជាអ្នកឃើញសេចក្តីក្សេម បានប្រព្រឹត្តលះបង់សេចក្តីហួងហែងចេញ។
[២០៦] អធិប្បាយពាក្យថា ពួកជនអ្នកបា្រថ្នា រមែងមិនលះបង់សេចក្តីសោក សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ ក្នុងវត្ថុដែលហួងហែង ត្រង់ពាក្យថា សេចក្តីសោក គឺការសោក ការសោកស្តាយ ភាពនៃចិត្តសោកស្តាយ សោកខាងក្នុង ស្តាយស្រណោះខាងក្នុង ក្តៅក្រហាយខាងក្នុង ក្តៅរោលរាលខាងក្នុង ជ្រប់ ស្រពោនចិត្ត ទោមនស្ស សរគឺសោករបស់សត្វ ដែលត្រូវសេចក្តីវិនាសញាតិប៉ះពាល់ក្តី សេចក្តីវិនាសភោគៈប៉ះពាល់ក្តី សេចក្តីវិនាសគឺរោគប៉ះពាល់ក្តី សេចក្តីវិនាសសីលប៉ះពាល់ក្តី សេចក្តីវិនាសទិដ្ឋិប៉ះពាល់ក្តី ប្រកបដោយសេចក្តីវិនាសណាមួយក្តី ទុក្ខធម៌ណាមួយប៉ះពាល់ក្តី។ ពាក្យថា សេចក្តីខ្សឹកខ្សួល គឺការយំ ការយំរៀបរាប់ អាការយំ អាការយំរៀបរាប់ ភាពនៃការយំ ភាពនៃការយំរៀបរាប់ ការនិយាយ ការពោលឥតប្រយោជន៍ ការពោលរវើរវាយ ការពោលរឿយៗ អាការជាទីពោលរឿយៗ ភាពនៃការពោលរឿយៗ របស់សត្វដែល ត្រូវសេចក្តីវិនាសញាតិប៉ះពាល់ក្តី។បេ។