ពាក្យថា ក្នុងទីកើត គឺនរកជាទីកើតរបស់ពួកសត្វនរក កំណើតតិរច្ឆានជាទីកើតរបស់ពួកសត្វក្នុងកំណើតតិរច្ឆាន បិត្តិវិស័យជាទីកើតរបស់ពួកសត្វក្នុងបិត្តិវិស័យ មនុស្សលោកជាទីកើតរបស់ពួកមនុស្ស ទេវលោកជាទីកើតរបស់ពួកទេវតា។ ពាក្យថា អ្នកប្រាជ្ញទាំងឡាយពោលអំពើនោះថាជាសាមគ្គីរបស់ភិក្ខុដែលមិនបង្ហាញខ្លួនក្នុងទីកើត បានសេចក្តីថា ភិក្ខុណាប្រតិបត្តិយ៉ាងនេះ ឈ្មោះថា មិនគប្បីបង្ហាញខ្លួនក្នុងនរក មិនបង្ហាញខ្លួនក្នុងកំណើតតិរច្ឆាន មិនបង្ហាញខ្លួនក្នុងបិត្តិវិស័យ មិនបង្ហាញខ្លួនក្នុងមនុស្សលោក មិនបង្ហាញខ្លួនក្នុងទេវលោក អំពើនុ៎ះឈ្មោះថា សេចក្តីព្រមព្រៀង នុ៎ះឈ្មោះថា ជាទីបិទបាំង នុ៎ះឈ្មោះថា ជាទីសមរម្យ នុ៎ះឈ្មោះថា ជាទីសមគួរ នុ៎ះឈ្មោះថា ជាទីសមសួនរបស់ភិក្ខុនោះ អ្នកប្រាជ្ញទាំងឡាយ ពោលហើយយ៉ាងនេះ បានពោលហើយយ៉ាងនេះ រមែងសម្តែងយ៉ាងនេះ និយាយយ៉ាងនេះ បំភ្លឺយ៉ាងនេះ បញ្ចេញយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកប្រាជ្ញទាំងឡាយ ពោលអំពើនោះ ថាជាសាមគ្គីរបស់ភិក្ខុដែលមិនបង្ហាញខ្លួនក្នុងទីកើត។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
អ្នកប្រាជ្ញទាំងឡាយ ពោលអំពើនោះ ថាជាសាមគ្គីរបស់ភិក្ខុអ្នកប្រព្រឹត្តរួញថយ គប់រកអាសនៈស្ងាត់ ដែលមិនបង្ហាញខ្លួនក្នុងទីកើត។