[២១២] មុនិមិនអាស្រ័យនៅក្នុងវត្ថុទាំងពួង មិនធ្វើសេចក្តីស្រឡាញ់ ទាំងមិនធ្វើសេចក្តីស្អប់ (ចំពោះសត្វ និងសង្ខារ) សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ មិនជាប់នៅក្នុងមុនិនោះ ដូចជាវារិ មិនជាប់នៅលើស្លឹក (ឈូក)។
[២១៣] ពាក្យថា មុនិ មិនអាស្រ័យនៅក្នុងវត្ថុទាំងពួង អធិប្បាយថា វត្ថុទាំងពួង លោកពោលសំដៅយកអាយតនៈ ១២ គឺ ភ្នែក ១ រូប ១ ត្រចៀក ១ សំឡេង ១ ច្រមុះ ១ ក្លិន ១ អណ្តាត ១ រស ១ កាយ ១ ផ្សព្វ ១ ចិត្ត ១ ធម៌ ១។ ពាក្យថា មុនិ សេចក្តីថា ញាណ ហៅថាមោនៈ គឺ ប្រាជ្ញា ការដឹងច្បាស់។បេ។ បុគ្គលណា កន្លងបង់នូវបណ្តាញគឺគ្រឿងជាប់ចំពាក់ បុគ្គលនោះ ឈ្មោះថា មុនិ។ ពាក្យថា មិនអាស្រ័យនៅ បានដល់និស្ស័យ ២ យ៉ាង គឺ តណ្ហានិស្ស័យ ១ ទិដ្ឋិនិស្ស័យ ១។បេ។ នេះតណ្ហានិស្ស័យ។បេ។ នេះទិដ្ឋិនិស្ស័យ។ មុនិលះបង់តណ្ហានិស្ស័យ រលាស់ចោលទិដ្ឋិនិស្ស័យ មិនអាស្រ័យចក្ខុ មិនអាស្រ័យសោតៈ មិនអាស្រ័យឃានៈ មិនអាស្រ័យជិវ្ហា មិនអាស្រ័យកាយ មិនអាស្រ័យចិត្ត មិនអាស្រ័យរូប សំឡេង ក្លិន រស ផ្សព្វ ធម្មារម្មណ៍ ត្រកូល គណៈ អាវាស លាភ យស សេចក្តីសរសើរ សុខ