សូម្បីសេចក្តីកំណាញ់អាយតនៈ ក៏ឈ្មោះថា កំណាញ់ ការគិតតែកាន់យកនេះ លោកហៅថា សេចក្តីកំណាញ់។ ពាក្យថា មិនជាប់នៅ ដូចជាវារិមិនជាប់លើស្លឹក (ឈូក) សេចក្តីថា ស្លឹកឈូក លោកហៅថា ស្លឹក។ ទឹក លោកហៅថា វារិ។ វារិមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ហើយនឹងស្លឹកឈូក យ៉ាងណាមិញ សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ មិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ហើយ ក្នុងបុគ្គលនោះ គឺក្នុងព្រះអរហន្តខីណាស្រព ក៏យ៉ាងនោះដែរ ទាំងបុគ្គលនោះ មិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ ចេញរួចហើយ រលាស់ចេញហើយ រួចស្រឡះហើយ បា្រសចេញហើយ ចាកកិលេសទាំងនោះ ជាអ្នកមានចិត្តបា្រសចាកសេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ មិនជាប់ក្នុងបុគ្គលនោះ ដូចជាវារិ មិនជាប់លើស្លឹក (ឈូក)។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
មុនិ មិនអាស្រ័យនៅក្នុងវត្ថុទាំងពួង មិនធ្វើសេចក្តីស្រឡាញ់ ទាំងមិនធ្វើសេចក្តីស្អប់ (ចំពោះសត្វ និងសង្ខារ) សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ មិនជាប់នៅក្នុងមុនិនោះ ដូចជាវារិ មិនជាប់នៅលើស្លឹក (ឈូក)។