[២២៣​] ពាក្យ​ថា​ បុគ្គល​មាន​ប្រាជ្ញា​កំចាត់​នោះ​ រមែង​មិន​ត្រេក​ មិន​ទ្រាន់​ សេចក្តី​ថា​ ពាល​បុថុជ្ជន​ទាំងអស់​ រមែង​ត្រេក​ សេក្ខបុគ្គល​ ៧ ​ពួក​ រាប់ទាំង​កល្យាណ​បុថុជ្ជន​ផង​ រមែង​ទ្រាន់​ ព្រះអរហន្ត​ រមែង​មិន​ត្រេក​ មិន​ទ្រាន់។ ព្រះអរហន្ត​នោះ​ ប្រាសចាក​តម្រេក​ ព្រោះ​អស់​រាគៈ​ ព្រោះ​ប្រាសចាក​រាគៈ​ ព្រោះ​អស់​ទោសៈ​ ព្រោះ​ប្រាសចាក​ទោសៈ​ ព្រោះ​អស់​មោហៈ​ ព្រោះ​ប្រាសចាក​មោហៈ​ហើយ។ ព្រះអរហន្ត​នោះ មានការ​អប់រំ​ព្រហ្មចរិយ​ធម៌​ស្រេចហើយ​ មានការ​ប្រព្រឹត្តិ ប្រព្រឹត្ត​រួចហើយ។បេ។ ភព​ថ្មី​របស់​ព្រះអរហន្ត​នោះ មិន​មាន​ទេ​ ហេតុ​នោះ (ទ្រង់​ត្រាស់​) ថា បុគ្គល​មាន​ប្រាជ្ញា​កំចាត់​នោះ​ រមែង​មិន​ត្រេក មិន​ទ្រាន់។ ហេតុ​នោះ ព្រះមានព្រះភាគ ត្រាស់​ថា​
បុគ្គល​មាន​ប្រាជ្ញា​កំចាត់​ មិន​សំ​គា​ល់​នូវ​អារម្មណ៍​ដែល​ខ្លួន​ឃើញ​ ឮ ឬប៉ះពាល់​ដោយ​វត្ថុ​នោះ​ មិន​ប្រាថ្នា​សេចក្តី​បរិសុទ្ធិ​ដោយហេតុ​ដទៃ​ បុគ្គល​មាន​ប្រាជ្ញា​កំចាត់​នោះ រមែង​មិន​ត្រេក​ មិន​ទ្រាន់។

ចប់ ជរា​សុត្ត​និទ្ទេស ទី៦។

ថយ | ទំព័រទី ២៦១ | បន្ទាប់