ធម៌​របស់​បុគ្គល​ពីរ​នាក់​ ដែល​ត្រេកអរ​ ត្រេកអរ​ខ្លាំង​ ជោក​ (ដោយ​រាគៈ​) រួបរឹត​ (ដោយ​រាគៈ​) មានចិត្ត​ត្រូវ​កិលេស​គ្រប​សង្កត់​ស្មើគ្នា​ទាំងពីរ​នាក់​ ព្រោះហេតុនោះ​ ទើប​លោក​ហៅថា​ មេថុនធម្ម​ យ៉ាងនោះ​ដែរ។ ពាក្យ​ថា​ប្រកប​រឿយ​ ៗ ក្នុង​មេថុន​ គឺ​ប្រកប តាក់តែង​ ប្រ​ដុ​ងប្រជា​ ប្រកប​ព្រម​ក្នុង​មេថុនធម្ម​ ប្រព្រឹត្ត​មេថុនធម្ម​នោះ​ ក្រាស់​ដោយ​មេថុនធម្ម​នោះ​ គោរព​មេថុនធម្ម​នោះ​ ឱន​ទៅ​ក្នុង​មេថុនធម្ម​នោះ​ ទោរ​ទៅ​ក្នុង​មេថុនធម្ម​នោះ​ ឈមមុខ​ទៅ​ក្នុង​មេថុនធម្ម​នោះ​ ចុះចិត្តស៊ប់​ក្នុង​មេថុនធម្ម​នោះ​ ធ្វើមេ​ថុន​ធម្ម​នោះ​ឲ្យ​ជាធំ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​អ្នក​ប្រក​បរឿយៗ​ ក្នុង​មេថុនធម្ម។ ព្រះមានព្រះភាគ​ ត្រាស់​ហៅ​ព្រះ​ថេរៈ​នោះ​តាម​គោត្រ​ថា​ ម្នាល​មេ​ត្តេ​យ្យៈ។ ពាក្យ​ថា​ ព្រះមានព្រះភាគ​ ជា​ពាក្យ​ពោល​ដោយ​គោរព។ មួយទៀត​ ព្រះពុទ្ធ​មាន​រាគៈ​បំបាក់​បង់​ហើយ​ ហេតុ​នោះ​ ឈ្មោះថា​ ព្រះមានព្រះភាគ។ មាន​ទោ​សៈ​បំបាក់​បង់​ហើយ​ ហេតុ​នោះ​ ឈ្មោះថា​ ព្រះ​មាន​ព្រះ​ភាគ។ មាន​មោហៈ​បំបាក់​បង់​ហើយ​ ហេតុ​នោះ​ ឈ្មោះថា​ព្រះមានព្រះភាគ។ មាន​មា​នះ​បំបាក់​បង់​ហើយ​ ហេតុ​នោះ​ ឈ្មោះថា​ព្រះមានព្រះភាគ។ មាន​ទិដ្ឋិ​បំបាក់​បង់​ហើយ​ ហេតុ​នោះ​ឈ្មោះ​ថា​ ព្រះមានព្រះភាគ។ មាន​បន្លា​ គឺ​កិលេស​បំបាក់​បង់​ហើយ​ ហេតុ​នោះ​ឈ្មោះថា​ ព្រះមានព្រះភាគ។
ថយ | ទំព័រទី ២៦៩ | បន្ទាប់