ពាក្យ​ថា​ កាលបើ​គេ​បំបាត់​សំដី​ហើយ​ រមែង​អៀនអន់​ បាន​សេចក្តី​ថា​ កាលបើ​គេ​បំបាត់​សំដី​ហើយ​ រមែង​អៀនអន់​ គឺ​មាន​សេចក្តី​លំបាកចិត្ត​ ចង្អៀតចង្អល់​ចិត្ត​ តឹងចិត្ត​ ទោមនស្ស​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) កាលបើ​គេ​បំបាត់​សំដី​ហើយ​ រមែង​អៀនអន់។
 [២៨២​] អធិប្បាយ​ពាក្យ​ថា​ បុគ្គល​អ្នក​ស្វែងរក​ទោស​នោះ​ រមែង​ខឹង​ព្រោះ​ការ​និន្ទា​ ត្រង់​ពាក្យ​ថា​ ព្រោះ​ការ​និន្ទា​ គឺ​ព្រោះ​ការ​និន្ទា​ ព្រោះ​ការ​តិះដៀល​ ព្រោះ​ការ​បង្អាប់​ ព្រោះ​ការ​មិន​ចំរើន​ដោយ​គុណ។ ពាក្យ​ថា​ រមែង​ខឹង​ គឺ​រមែង​ខឹង​ ប្រទូស្ត​ ក្រេវក្រោធ​ ធ្វើ​សេចក្តី​ក្រោធ​ផង​ ទោសៈ​ផង​ សេចក្តី​មិន​ត្រេកអរ​ផង​ ឲ្យ​ប្រាកដ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ​ រមែង​ខឹង​ ព្រោះ​ការ​និន្ទា។ ពាក្យ​ថា​ ស្វែងរក​ទោស គឺ​ស្វែងរក​ទោស​ ស្វែង​រក​ទោស​ផ្សេង​ៗ ស្វែងរក​កំហុស​ ស្វែងរក​សេចក្តី​ភ្លាំង​ភា្លត់​ ស្វែង​រក​សេចក្តី​ឃ្លៀង​ឃ្លាត​ ស្វែងរក​ចន្លោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​អ្នក​ស្វែងរក​ទោស​នោះ​ រមែង​ខឹង​ ព្រោះ​ការ​និន្ទា។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
បុគ្គល​ណា​ ប្រកប​ការ​ពោល​ក្នុង​កណ្តាល​បរិស័ទ​ ប្រាថ្នា​សេចក្តី​សរសើរ​ បុគ្គល​នោះ​ រមែង​ចង្អៀតចិត្ត​ កាលបើ​គេ​បំបាត់​សំដី​ហើយ​ រមែង​អៀនអន់​ បុគ្គល​អ្នក​ស្វែងរក​ទោស​នោះ​ រមែង​ខឹង​ ព្រោះ​ការ​និន្ទា។
ថយ | ទំព័រទី ៣១៣ | បន្ទាប់