[២៩៣] មួយទៀត បុគ្គលនោះពោលវាទៈក្នុងកណ្តាលបរិស័ទ ត្រូវគេសរសើរក្នុងសភាវៈនោះហើយ រមែងរីករាយ ក្រអឺតក្រអោង ដោយហេតុនោះ ដល់នូវប្រយោជន៍នោះហើយ ជាបុគ្គលមានចិត្តតាំងនៅដូចដើម។
[២៩៤] ពាក្យថា ក្នុងសភាវៈនោះ របស់ពាក្យថា មួយទៀត ត្រូវគេសរសើរហើយ ក្នុងសភាវៈនោះ គឺត្រូវគេសរសើរ លើកតំកើង ប្រកាសគុណ ពណ៌នាគុណក្នុងទិដ្ឋិរបស់ខ្លួន ក្នុងការគួររបស់ខ្លួន ក្នុងសេចក្តីពេញចិត្តរបស់ខ្លួន ក្នុងលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត ត្រូវគេសរសើរហើយ ក្នុងសភាវៈនោះ។
[២៩៥] ពាក្យថា ពោលវាទៈក្នុងកណ្តាលបរិស័ទ គឺពោល ប្រាប់វាទៈរបស់ខ្លួន ពោល ប្រាប់ បំពេញ ចំរើន សំដែង បំភ្លឺ ថ្លែង កំណត់អនុវាទៈរបស់ខ្លួន ក្នុងកណ្តាលខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតិបរិស័ទក្តី សមណបរិស័ទក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ពោលវាទៈ ក្នុងកណ្តាលបរិស័ទ។
[២៩៦] ពាក្យថា បុគ្គលនោះ រមែងរីករាយ ក្រអឺតក្រអោងដោយហេតុនោះ គឺបុគ្គលនោះ រមែងត្រេកអររីករាយ ស្រស់ស្រាយ មានចិត្តត្រេកអរ មានចិត្តត្រិះរិះពេញលេញ ដោយប្រយោជន៍គឺការឈ្នះនោះ។