មួយទៀត​ បុគ្គល​កាល​សើច​បញ្ចេញ​ធ្មេញ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ​រីករាយ។ ពាក្យ​ថា​ ក្រអឺតក្រអោង​ ដោយហេតុ​នោះ​ គឺ​បុគ្គល​នោះ​ មានចិត្ត​ប៉ោង​ឡើង​ មានចិត្ត​ខ្ពស់​ឡើង​ មានចិត្ត​ដូចជា​ទង់ជ័យ​ មានចិត្ត​ផ្គង​ឡើង​ ភាព​នៃ​ចិត្ត​មាន​សេចក្តី​ប្រាថ្នា​ដូចជា​ទង់​ ដោយ​ប្រយោជន៍ គឺ​ការ​ឈ្នះ​នោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ រីករាយ​ ក្រអឺតក្រអោង​ ដោយហេតុ​នោះ។
 [២៩៧​] ពាក្យ​ថា​ ដល់​នូវ​ប្រយោជន៍​នោះ​ ជា​អ្នកមាន​ចិត្ត​តាំងនៅ​ដូចដើម​ គឺ​ដល់​ លុះ សម្រេច​បាន​ បាន​ចំពោះ​នូវ​ប្រយោជន៍​ គឺ​ការ​ឈ្នះ​នោះ។ ពាក្យ​ថា​ ជា​អ្នកមាន​ចិត្ត​តាំង​នៅ​ដូចដើម​ គឺជា​អ្នកមាន​ចិត្ត​ដូចដើម​ មានគំនិត​ដូចដើម​ មាន​សេចក្តី​ត្រិះរិះ​ដូចដើម​ មាន​ការ​ដឹង​ដូចដើម​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បាន​ដល់​នូវ​ប្រយោជន៍​នោះ​ ជា​អ្នកមាន​ចិត្ត​តាំងនៅ​ដូចដើម។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
មួយទៀត​ បុគ្គល​នោះ​ពោល​វាទៈ​ក្នុង​កណ្តាល​បរិស័ទ​ ត្រូវ​គេ​សរសើរ​ហើយ​ ក្នុង​សភាវៈ​នោះ​ រមែង​រីករាយ ក្រអឺតក្រអោង​ ដោយហេតុ​នោះ​ ដល់​នូវ​ប្រយោជន៍​នោះ​ហើយ​ ជា​បុគ្គល​មានចិត្ត​តាំងនៅ​ដូចដើម។
ថយ | ទំព័រទី ៣២២ | បន្ទាប់