បុគ្គលអ្នកលុះក្នុងទិដ្ឋិនោះ (នៅ) ក្នុងទីណា អ្នកឯងចូរទៅក្នុងទីនោះចុះ ដ្បិតអំពើដែលប្រព្រឹត្តទៅ ដើម្បីតយុទ្ធគ្នា មិនមានតាំងអំពីដើមមក។
[៣០៤] អធិប្បាយពាក្យថា ដូចជាបុគ្គលអ្នកក្លៀវក្លា ដែលគេចិញ្ចឹមដោយខាទនីយភោជនីយាហារ របស់ព្រះរាជា ត្រង់ពាក្យថា អ្នកក្លៀវក្លា គឺបុគ្គលអ្នកក្លៀវក្លា អ្នកប្រឹងប្រែង អ្នកខ្មីឃ្មាត មិនរន្ធត់ មិនរំភើប មិនតក់ស្លុត មិនរត់។ ពាក្យថា ដែលគេចិញ្ចឹមដោយខាទនីយភោជនីយាហារ របស់ព្រះរាជា គឺគេចិញ្ចឹម រក្សា បីបាច់ ថែទាំ ឲ្យចំរើនដោយខាទនីយៈរបស់ព្រះរាជា ដោយភោជនីយៈរបស់ព្រះរាជា ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចជាបុគ្គលអ្នកក្លៀវក្លា ដែលគេចិញ្ចឹមដោយខាទនីយភោជនីយាហារ របស់ព្រះរាជា។
[៣០៥] ពាក្យថា កាលបា្រថ្នាបុគ្គលអ្នកក្លៀវក្លាតប រមែងគម្រាមចូលមក គឺបុគ្គលនោះ កាលគម្រាម កាលសង្ឃក កាលសង្ខុញចូល ដើរចូលទៅ ឈានចូលទៅ ដើរចូលទៅជិត កាលចង់ ត្រេកអរ ប្រាថ្នា ស្រឡាញ់ ជាប់ចិត្ត នូវបុគ្គលអ្នកក្លៀវក្លាតប នូវបុរសជាសត្រូវ នូវសត្រូវតប នូវអ្នកដាល់តប់តប ហេតុនោះ (ទ្រង់ត្រាស់ថា) កាលប្រាថ្នាបុគ្គលអ្នកក្លៀវក្លា រមែងគម្រាមចូលមក។