ព្រះអង្គជាបុគ្គលប្រសើរ ពោលធម៌ ពោលដោយប្រការផ្សេងៗ ទ្រង់នាំចេញនូវប្រយោជន៍ ទ្រង់ឲ្យអមតៈ ជាធម្មស្សាមី ជាតថាគត។ ការមិនដឹង មិនឃើញ មិនយល់ច្បាស់ មិនធ្វើឲ្យជាក់ច្បាស់ មិនប៉ះពាល់ដោយបា្រជ្ញានៃព្រះមានព្រះភាគនោះ មិនមានទេ។ ធម៌ទាំងអស់ ដែលអាស្រ័យអតីត អនាគត និងបច្ចុប្បន្ន រមែងមកកាន់គន្លងចំមុខព្រះញាណ របស់ព្រះពុទ្ធមានព្រះភាគ ដោយអាការសព្វគ្រប់។ ធម្មជាតអ្វីមួយដែលគួរដឹង ត្រូវដឹង។ ប្រយោជន៍ខ្លួនផង ប្រយោជន៍បុគ្គលដទៃផង ប្រយោជន៍ទាំងពីរផង ប្រយោជន៍ជាបច្ចុប្បន្នផង ប្រយោជន៍ក្នុងខាងមុខផង ប្រយោជន៍រាក់ផង ប្រយោជន៍ជ្រៅផង ប្រយោជន៍លាក់ផង ប្រយោជន៍កំបាំងផង ប្រយោជន៍ដែលត្រូវនាំចេញផង ប្រយោជន៍ដែលនាំចេញហើយផង ប្រយោជន៍មិនមានទោសផង ប្រយោជន៍មិនមានកិលេសផង ប្រយោជន៍ផូរផង់ផង ប្រយោជន៍ដ៏ក្រៃលែងផង ធម្មជាតទាំងអស់នោះ រមែងប្រព្រឹត្តទៅក្នុងខាងក្នុងពុទ្ធញ្ញាណ។ កាយកម្មទាំងអស់ រមែងប្រព្រឹត្តទៅតាមព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ វចីកម្មទាំងអស់ រមែងប្រព្រឹត្តទៅតាមព្រះញាណ មនោកម្មទាំងអស់ រមែងប្រព្រឹត្តទៅតាមព្រះញាណរបស់ព្រះមានព្រះភាគ។ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ មិនទើសទាល់ក្នុងអតីតកាល