[៤] អធិប្បាយ​ពាក្យ​ថា​ សត្វ​រមែង​មានចិត្ត​ប្រកបដោយ​បីតិ​ពិត​ ត្រង់​ពាក្យ​ថា​ ពិត​ គឺ​ជា​ពាក្យ​ប្រាប់​សេចក្តី​ដោយ​ដាច់ខាត​ ប្រាប់​សេចក្តី​ដោយ​មិន​មាន​សង្ស័យ​ ប្រាប់​សេចក្តី​មិន​មាន​ងឿងឆ្ងល់​ ប្រាប់​ដំណើរ​មិន​មាន​ពីរ​ ប្រាប់​ហេតុ​មិន​បែក​ជា​ពីរ​ ប្រាប់​ការ​ប្រកប​ដោយ​ទៀងទាត់​ ប្រាប់​ហេតុ​មិន​ខុស​ ពាក្យ​ថា​ពិត​នុ៎ះ ជា​ពាក្យ​ប្រាប់​សេច​ក្តី​កំណត់។ ពាក្យ​ថា​ បីតិ​ បាន​ដល់​ បីតិ​ ភាព​នៃ​ចិត្តរីករាយ​ ការ​រីករាយ​ទួ​ទៅ​ ការ​រីករាយ​សព្វគ្រប់​ សេចក្តី​ស្រស់ស្រាយ​ សេចក្តី​ស្រស់ស្រាយ​សព្វគ្រប់​ សេចក្តី​ត្រេកអរ​ សេចក្តី​ពេញចិត្ត​ ភាព​នៃ​ចិត្ត​អប​អរ​ ភាព​នៃ​ចិត្ត​ត្រេកត្រអាល​ ភាព​នៃ​ចិត្ត​ដ៏​ពេញលេញ​ក្រៃលែង​ ដែល​ប្រកប​ដោយ​កាមគុណ​ ៥។ ពាក្យ​ថា​ ចិត្ត​ គឺ​ចិត្ត​ មនៈ​ មាន​សៈ​ ហទយៈ​ បណ្ឌ​រៈ​ មនៈ​ មនាយតនៈ​ មនិន្រ្ទិយ​ វិញ្ញាណ​ វិញ្ញាណក្ខន្ធ​ មនោវិញ្ញាណ​ធាតុ​ ដែល​សមគួរ​ដល់​ធម៌​ មាន​ផស្សៈ​ជាដើម​នោះ​ណា​ នេះ​លោក​ហៅថា​ ចិត្ត។ ចិត្ត​នេះ​ ជា​ធម្មជាត​ទៅជាមួយ​ កើតជា​មួយ​ ច្រឡំ​ ប្រកប​ មានការ​កើតឡើង​ក្នុង​ទី​ជាមួយ​ មានការ​រលត់​ក្នុង​ទីមួយ​ មាន​វត្ថុ​តែមួយ​ មាន​អារម្មណ៍​តែមួយ​ ជាមួយ​នឹង​បីតិ​នេះ​។ ពាក្យ​ថា​ មានចិត្ត​ប្រកបដោយ​បីតិ​ គឺ​មានចិត្ត​ត្រេកអរ​ មានចិត្ត​រីករាយ​ មានចិត្ត​រីករាយ​ខ្លាំង​ មានចិត្តជា​របស់​ខ្លួន​ មាន​ចិត្ត​ខ្ពស់​ មានចិត្ត​ស្រស់ស្រាយ​ ព្រោះហេតុនោះ​ (ទ្រង់​ត្រា​ស់​ថា​) មានចិត្ត​ប្រកប​ដោយ​បីតិ​ពិត​។
ថយ | ទំព័រទី ៤ | បន្ទាប់