ពាក្យ​ថា ទាំង​ញុំា​ងអ្នកដទៃ​ឲ្យ​រួច​មិនបាន សេចក្តី​ថា សត្វ​ទាំងនោះ​ជា​អ្នក​លិច​កប់​ក្នុង​ភក់​ដោយខ្លួនឯង មិន​អាច​នឹង​ស្រង់​បុគ្គល​ដទៃ ដែល​លិច​កប់​ក្នុង​ភក់​បានទេ។ សម​ដូច​ពាក្យ​នេះ ដែល​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ចុន្ទៈ​ បុគ្គល​នោះ​ឯង​លិច​កប់​ក្នុង​ភក់​ដោយខ្លួនឯង នឹង​ស្រង់​បុគ្គល​ដទៃ​ដែល​លិច​កប់​ក្នុង​ភក់​បាន​ ហេតុដូច្នេះ​នេះ មិន​មាន​ទេ ម្នាល​ចុន្ទៈ បុគ្គល​នោះ​ឯង មិនទាន់​ទូន្មាន​ខ្លួន​ មិនទាន់​ប្រៀនប្រដៅ​ខ្លួន មិនទាន់​រលត់​កិលេស​ដោយខ្លួនឯង​ទេ​ នឹង​ទូន្មាន​ប្រៀនប្រដៅ​បុគ្គល​ដទៃ (នឹង​ញុំាង​បុគ្គល​ដទៃ​) ឲ្យ​រលត់កិលេស​បាន ហេតុដូច្នេះ​នេះ មិន​មាន​ទេ។ ​ពួក​សត្វ​មិន​អាច​ញុំាង​អ្នកដទៃ​ឲ្យ​រួច​បាន យ៉ាងនេះ​ខ្លះ។ ម្យ៉ាងទៀត បុគ្គល​ដទៃ​ណាមួយ​ អាច​ញុំាង​បុគ្គល​ដទៃ​ឲ្យ​រួច​បាន មិន​មាន​ទេ ប្រសិនបើ​ពួក​សត្វ​នោះ​គប្បី​រួច លុះតែ​ប្រតិ​បតិ្តនូវ​សម្មាបដិបទា​ អនុលោម​ប្ប​ដិ​បទា អប្ប​ច្ច​នីក​ប្ប​ដិ​បទា អន្វ​ត្ថ​ប្ប​ដិ​បទា ធម្មា​នុ​ធម្ម​ប្ប​ដិ​បទា​ដោយខ្លួនឯង​ ដោយ​កំឡាំង​ញាណ​របស់​ខ្លួន ដោយ​ពល​ញ្ញាណ​របស់​ខ្លួន ដោយ​ព្យាយាម​របស់​ខ្លួន ដោយ​ការ​ប្រឹងប្រែង​របស់​ខ្លួន​ ដោយ​កំឡាំង​បុរស​របស់​ខ្លួន ដោយ​ពល​ញ្ញាណ​នៃ​បុរស​របស់​ខ្លួន ដោយ​ព្យាយាម​នៃ​បុរស​របស់​ខ្លួន​ ដោយ​ការ​ប្រឹងប្រែង​នៃ​បុរស​របស់​ខ្លួន ទើប​រួច​បាន។ ពួក​សត្វ​មិន​អាច​ញុំាង​អ្នកដទៃ​ឲ្យ​រួច​បាន​ យ៉ាងនេះ​ខ្លះ។
ថយ | ទំព័រទី ៥៨ | បន្ទាប់