ជីវិត អត្តភាព សុខ និងទុក្ខទាំងអស់ ប្រកបដោយខណៈចិត្តតែមួយ ព្រោះខណៈប្រព្រឹត្តទៅរហ័ស ពួកទេវតាណា ឋិតនៅអស់ ៨៤,០០០ ក័ល្ប ទេវតាទាំងនោះ មិនមែនប្រកបដោយចិត្តពីរ ហើយរស់នៅទេ ខន្ធទាំងឡាយណា របស់បុគ្គលដែលស្លាប់ទៅក្តី រស់នៅក្តី រលត់ហើយក្នុងលោកនេះ ខន្ធទាំងអស់នោះ ក៏ដូចគ្នា ទៅបដិសន្ធិទៀតមិនបាន ខន្ធទាំងឡាយណា ដែលកន្លងជាលំដាប់ បែកធ្លាយហើយផង ខន្ធទាំងឡាយណា ជាអនាគត នឹងបែកធ្លាយផង សេចក្តីផ្សេងគ្នានៃខន្ធទាំងឡាយជាបច្ចុប្បន្ន ដែលរលត់ហើយក្នុងចន្លោះនៃខន្ធទាំងពីរនោះ រមែងមិនមានក្នុងលក្ខណៈ សត្វលោកមិនមែនកើតដោយអនាគតខន្ធ ដែលមិនទាន់កើត មិនមែនរស់នៅក្នុងបច្ចុប្បន្នទេ សត្វលោកស្លាប់ដោយការបែកធ្លាយនៃចិត្ត ការបញ្ញតិ្តប្រកបដោយបរមត្ថ ប្រែប្រួលទៅដោយឆន្ទៈ ដូចជាទីទាប រមែងប្រព្រឹត្តទៅដូច្នោះ វេទនាទាំងឡាយ មានសឡាយតនៈជាបច្ច័យ មានវារៈមិនដាច់ តែងប្រព្រឹត្តទៅ ខន្ធទាំងឡាយដែលបែកធ្លាយហើយ ក៏មិនដល់នូវកិរិយាតំកល់ទុកទេ គំនរនៃខន្ធក្នុងអនាគត ក៏មិនមាន