ចោរទាំងឡាយ ព្រះរាជាទាំងឡាយ នាំយកទ្រព្យទៅ ភ្លើងឆេះទ្រព្យ ប្រយោជន៍វិនាសទៅ បុគ្គលលះបង់សរីរៈ ព្រមទាំងរបស់ដែលហួងហែងដោយមរណៈ អ្នកប្រាជ្ញ ជ្រាបសេចក្តីនេះហើយ គប្បីបរិភោគផង ឲ្យទានផង លុះបានឲ្យទាន និងបរិភោគ តាមសមគួរដល់អានុភាពហើយ រមែងជាបុគ្គលដែលមិនត្រូវគេនិន្ទា ហើយចូលទៅកាន់ឋានសួគ៌។
កាមទាំងឡាយនោះ ឈ្មោះថា រមែងសាបសូន្យ។
[១០] ពាក្យថា សត្វរមែងក្តៅក្រហាយ ដូចត្រូវព្រួញមុត គឺសត្វដែលត្រូវព្រួញដែកមុត ឬត្រូវព្រួញឆ្អឹង ត្រូវព្រួញភ្លុក ត្រូវព្រួញស្នែង ឬត្រូវព្រួញឈើមុត រមែងក្តៅក្រហាយញាប់ញ័រ ចង្អៀតចង្អល់ លំបាក ឈឺចាប់ តូចចិត្ត យ៉ាងណា សេចក្តីសោក ខ្សឹកខ្សួល ទុក្ខទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ រមែងកើតឡើងព្រោះប្រែប្រួល ព្រាត់ប្រាសចាកវត្ថុកាមទាំងឡាយ បុគ្គលនោះ ត្រូវព្រួញគឺកាមមុត រមែងក្តៅក្រហាយញាប់ញ័រ ចង្អៀតចង្អល់ លំបាក ឈឺចាប់ តូចចិត្ត យ៉ាងនោះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) សត្វក្តៅក្រហាយដូចត្រូវព្រួញមុត។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
បើកាលសត្វនោះ មានឆន្ទៈកើតហើយ កំពុងប្រាថ្នា កាមទាំងឡាយនោះ សាបសូន្យទៅវិញ សត្វរមែងក្តៅក្រហាយ ដូចត្រូវព្រួញមុត។