[៦៨] អធិប្បាយពាក្យថា មានព្រួញដកហើយ ប្រព្រឹត្តមិនប្រមាទ ត្រង់ពាក្យថា ព្រួញ បានដល់ព្រួញ ៧ គឺ ព្រួញគឺរាគៈ ព្រួញគឺទោសៈ ព្រួញគឺមោហៈ ព្រួញគឺមានះ ព្រួញគឺទិដ្ឋិ ព្រួញគឺសោក ព្រួញគឺសេចក្តីសង្ស័យ។ ព្រួញទាំងឡាយនេះ បុគ្គលណាបានលះបង់ហើយ បានផ្តាច់ផ្តិលហើយ បានរម្ងាប់ហើយ បានគ្របសង្កត់ហើយ មិនគួរឲ្យកើតបាន បានដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមានព្រួញដកហើយ មានព្រួញភើចឡើងហើយ មានព្រួញគាស់ឡើងហើយ មានព្រួញរំលើងឡើងហើយ មានព្រួញហូតឡើងហើយ មានព្រួញហូតឡើងព្រមហើយ មានព្រួញលះចេញហើយ មានព្រួញខ្ជាក់ចោលហើយ មានព្រួញរួចស្រឡះហើយ មានព្រួញលះបង់ហើយ មានព្រួញរលាស់ចោលហើយ មិនមានសេចក្តីស្រេកឃ្លាន មានទុក្ខរលត់ហើយ មានសេចក្តីត្រជាក់ ទទួលសុខ សម្រេចនៅដោយចិត្តដ៏ប្រសើរ ហេតុនោះទ្រង់ត្រាស់ថា មានព្រួញដកឡើងហើយ ពាក្យថា ប្រព្រឹត្ត គឺចរទៅ នៅ ដើរទៅ រក្សា ត្រាច់ទៅ ញុំាងឥរិយាបទឲ្យត្រាច់ទៅ។ ពាក្យថា មិនប្រហែស គឺធ្វើគោរព ធ្វើរឿយៗ ធ្វើមិនឈប់ ប្រព្រឹត្តមិនធូរថយ មិនទម្លាក់ចោលនូវឆន្ទៈ មិនដាក់ធុរៈចោលក្នុងកុសលធម៌ទាំងឡាយ។