កិលេស​ដ៏​ក្រាស់​គឺ​មោហៈ​ កិលេស​ដ៏​ក្រាស់​គឺ​មា​នះ​ កិលេស​ដ៏​ក្រាស់​គឺ​ទិដ្ឋិ កិលេស​ដ៏​ក្រាស់​គឺ​កិលេស​ កិលេស​ដ៏​ក្រាស់​គឺ​កម្ម។ កិលេស​ដ៏​ក្រាស់​ទាំងនេះ នៃ​ព្រះ​ខីណាស្រព​នោះ មិន​មាន ឥតមាន​ គ្មានសោះ មិនកើត​មាន គឺ​លោក​លះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់​រម្ងាប់ ធ្វើ​មិន​ឲ្យ​កើត​ទៀត​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ។ ពាក្យ​ថា ណាមួយ​ គឺ​ណាមួយ នីមួយ ណា​នីមួយ ខាងក្នុង​ក្តី ខាងក្រៅ​ក្តី​ ទាំង​ខាងក្នុង​ខាងក្រៅ​ក្តី។ ពាក្យ​ថា ក្នុង​លោក គឺ​ក្នុង​អបាយលោក មនុស្សលោក ទេវលោក​ ខន្ធ​លោក ធាតុ​លោក អាយតន​លោក ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) កិលេស​ដ៏​ក្រាស់​ណាមួយ​ក្នុង​លោក​ នៃ​ភិក្ខុ​ណា​មិន​មាន។ ហេតុ​នោះ ព្រះមានព្រះភាគ សំដែង​ថា​
ភិក្ខុ​ណា​ជា​អ្នក​ស្ងប់​រម្ងាប់​ផង​ អ្នកមាន​ចិត្ត​រលត់​ផង អ្នក​មិន​អួតអាង​ចំពោះ​សីល​ទាំងឡាយ​ថា អាត្មាអញ ដូច្នេះ​ផង​ កិលេស​ដ៏​ក្រាស់​ណាមួយ​ក្នុង​លោក នៃ​ភិក្ខុ​ណា មិន​មាន​ផង ជន​អ្នក​ឈ្លាសវៃ​ទាំងឡាយ​ រមែង​ពោល​នូវ​បុគ្គល​នោះ ថា​ជា​អ្នកមាន​អរិយធម៌។
[៩០​] ធម៌​ទាំងឡាយ​ ដែល​បុគ្គល​ណា​សម្រេច​ហើយ​ តាក់តែង​ហើយ ធ្វើឲ្យ​តាំងនៅ​ក្នុង​ខាងមុខ​ហើយ​ ជា​ធម៌​មិន​ផូរផង់​ បុគ្គល​នោះ​ឃើញ​នូវ​អានិសង្ស​ណា​ក្នុង​ខ្លួន​ រមែង​អាស្រ័យ​នូវ​អានិសង្ស​នោះ​ និង​សេចក្តី​ស្ងប់​ដែល​អាស្រ័យ​នូវ​ការ​កំរើក។
ថយ | ទំព័រទី ១៣៤ | បន្ទាប់