អាស្រ័យ​ (ដោយ​តណ្ហា​ និង​ទិដ្ឋិ​) ជាតា​ទិ​បុគ្គល​ បុគ្គល​នោះ​លោក​ហៅថា​ ព្រាហ្មណ៍។ ពាក្យ​ថា​ ព្រាហ្មណ៍​នោះ​ គឺ​ព្រះអរហន្ត​ខីណាស្រព។ ពាក្យ​ថា​ ព្រោះ​ដឹង​ គឺ​ព្រោះ​ដឹង​ដោយ​បរ​ចិត្ត​ញ្ញាណ​ក្តី​ ព្រោះ​ដឹង​ដោយ​បុព្វេ​និ​វា​សា​នុស្ស​តិញ្ញាណ​ក្តី។ ពាក្យ​ថា​ ព្រោះ​ឃើញ​គឺ​ ព្រោះ​ឃើញ​ ដោយ​មំសចក្ខុ​ក្តី​ ដោយ​ទិព្វចក្ខុ​ក្តី​ ហេតុ​នោះ​ ទ្រង់​ត្រាស់​ថា​ ព្រាហ្មណ៍​ណា​ កន្លង​ហួស​ដែន​ហើយ​ ព្រាហ្មណ៍​នោះ​ មិន​មានការ​ប្រកាន់​ ព្រោះ​ដឹង​ ព្រោះ​ឃើញ​ទេ។ ពាក្យ​ថា​ ការ​ប្រកាន់​មាំ​ គឺ​ការ​ប្រកាន់​ ការ​បបោសអង្អែល​ ការ​ចូលចិត្ត​ ការ​ជាប់ចិត្ត​ ការ​ចុះចិត្តស៊ប់​ នៃ​ព្រាហ្មណ៍​នោះ​ថា​ នេះ​ ថ្លៃថ្លា​ ខ្ពង់ខ្ពស់​ ប្រសើរ​ វិសេស​ ចម្បង​ ឧត្តម​ បវរ។ ពាក្យ​ថា​ មិន​មាន​ គឺ​មិន​មាន​ មិន​មាន​ព្រម​ មិនបាន។ គឺ​លោក​លះបង់​ ផ្តាច់​បង់​ រម្ងាប់​ ស្ងប់​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើត​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រាហ្មណ៍​ណា​ កន្លង​ហួស​ដែន​ហើយ​ ព្រាហ្មណ៍​នោះ​ មិន​មានការ​ប្រកាន់​មាំ​ ព្រោះ​ដឹង​ ព្រោះ​ឃើញ​ទេ។
 [១៤៤​] ពាក្យ​ថា​ មិន​មាន​សេចក្តី​ត្រេកអរ​ក្នុង​កាមរាគ​ មិន​ត្រេកអរ​ក្នុង​រូប​រាគ​ និង​អរូប​រាគ​ សេចក្តី​ថា​ បុគ្គល​ទាំងឡាយ​ណា​ ត្រេកអរ​ រីករាយ​ ជាប់​ ជ្រប់​ ងប់​ ទាក់​ ថ្ពក់​ ចំពាក់​ ក្នុង​កាមគុណ​ទាំង​ប្រាំ​ បុគ្គល​ទាំងនោះ​ លោក​ហៅថា​ អ្នក​ត្រេកអរ​ក្នុង​កាមរាគ។
ថយ | ទំព័រទី ១៩០ | បន្ទាប់