[១៨៦​] ​ពួក​ជន​ រមែង​សោក​ស្តាយ​ ចំពោះ​វត្ថុ​ដែល​ហួងហែង​ ការ​ហួងហែង​ទាំងឡាយ​ ពុំមែន​ជា​ការ​ទៀងទាត់​ទេ វត្ថុ​នេះ មាន​សភាព​ព្រាត់ប្រាស​ដោយពិត​ បុគ្គល​កាល​ឃើញ​ដូច្នេះហើយ មិន​គួរ​នៅ​គ្រប់គ្រង​ផ្ទះ​ឡើយ។

 [១៨៧​] អធិប្បាយ​ពាក្យ​ថា​ ​ពួក​ជន​ រមែង​សោក​ស្តាយ​ ចំពោះ​វត្ថុ​ដែល​ហួង​ហែ​ង ត្រង់​ពាក្យ​ថា​ ​ពួក​ជន​ បាន​ដល់​ ​ពួក​ក្សត្រិយ៍​ ព្រាហ្មណ៍​ វេស្សៈ​ សុទ្ទៈ​ គ្រហស្ថ​ បព្វជិត​ ទេវតា​ មនុស្ស។ ពាក្យ​ថា​ ការ​ហួងហែង​ បាន​ដល់​កា​រហួងហែង​ ២ គឺ​ការ​ហួងហែង​គឺ​តណ្ហា​ ១ ការ​ហួងហែង​គឺ​ទិដ្ឋិ ១។បេ។ នេះ​ការ​ហួងហែង​គឺ​តណ្ហា។បេ។ នេះ​ការ​ហួងហែង​គឺ​ទិដ្ឋិ។ ​ពួក​ជន​ជា​អ្នកមាន​សេចក្តី​រង្កៀស​ ដោយ​ការ​ដណ្តើម​យក​វត្ថុ​ដែល​ហួងហែង​ រមែង​សោក​ស្តាយ​ ក៏​មាន​ សោក​ស្តាយ​ចំពោះ​វត្ថុ​ដែលគេ​កំពុង​ដណ្តើម​យក​ ក៏​មាន​ សោក​ស្តាយ​ចំពោះ​វត្ថុ​ដែលគេ​ដណ្តើម​យក​ហើយ​ ក៏​មាន​ ​ពួក​ជន​មាន​សេចក្តី​រង្កៀស​ដោយ​ការប្រែប្រួល​ចាក​វត្ថុ​ដែល​ហួងហែង​ រមែង​សោក​ស្តាយ​ ក៏​មាន​ សោក​ស្តាយ​ចំពោះ​វត្ថុ​ដែល​កំពុង​ប្រែ​ប្រួល​ ក៏​មាន សោក​ស្តាយ​ចំពោះ​វត្ថុ​ដែល​ប្រែប្រួល​ហើយ ក៏​មាន រមែង​លំបាក ខ្សឹ​កខ្សួល គក់​ទ្រូង ដល់​នូវ​ការ​វង្វេង ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ពួក​ជន​រមែង​សោក​ស្តាយ​ ចំពោះ​វត្ថុ​ដែល​ហួងហែង។
ថយ | ទំព័រទី ២២៩ | បន្ទាប់