[២៥៩​] បុគ្គល​ គប្បី​សិក្សា​វិវេក​តែ​ម្យ៉ាង​ (ព្រោះថា​ វិវេក​) នុ៎ះ​ ជា​ធម៌​ដ៏​ឧត្តម​របស់​ព្រះ​អរិយៈ​ទាំងឡាយ​ បុគ្គល​មិន​គប្បី​សំគាល់​ថា ខ្លួន​ប្រសើរ​ ដោយ​វិវេក​នោះ​ទេ​ បុគ្គល​នោះ​ (នឹ​ងឋិតនៅ​) ក្នុង​ទី​ជិត​ព្រះនិព្វាន។

 [២៦០​] ពាក្យ​ថា​ បុគ្គល​ គប្បី​សិក្សា​វិវេក​តែ​ម្យ៉ាង​ សេចក្តី​ថា​ វិវេក​មាន​ ៣ គឺ​កាយ​វិវេក​ ១ ចិត្តវិវេក​ ១ ឧបធិវិវេក​ ១។
 កាយវិវេក​ តើ​ដូចម្តេច។បេ។ នេះ​ ឧបធិវិវេក។ វិវេក​របស់​បុគ្គល​ទាំងឡាយ​ ដែល​មាន​កាយ​ចៀសចេញ​ចាក​ពួក​ ត្រេកអរ​ចំពោះ​នេក្ខម្មៈ​ ឈ្មោះថា​ កាយវិវេក​ ១ វិវេក​របស់​បុគ្គល​ទាំងឡាយ​ ដែល​មានចិត្ត​បរិសុទ្ធ​ ដល់​នូវ​សេចក្តី​ផូរផង់​ដ៏​ក្រៃលែង​ ឈ្មោះថា​ ចិត្តវិវេក​ ១ វិវេក​របស់​បុគ្គល​ទាំងឡាយ​ ដែល​មិន​មាន​ឧបធិ​កិលេស​ ដល់​នូវ​វិ​សង្ខារ​គឺ​ព្រះនិព្វាន​ ឈ្មោះថា​ ឧបធិវិវេក​ ១។ ពាក្យ​ថា​ សិក្សា​ បាន​ដល់​សិក្ខា​ ៣ គឺ​អធិសីល​សិក្ខា​ ១ អធិចិត្ត​សិក្ខា​ ១ អធិប្បញ្ញា​សិក្ខា​ ១។បេ។ នេះ​ អធិប្បញ្ញា​សិក្ខា។ ពាក្យ​ថា​ គប្បី​សិក្សា​វិវេក​តែ​ម្យ៉ាង​ បាន​សេចក្តី​ថា​ គប្បី​សិក្សា​ ប្រព្រឹត្ត​ ប្រព្រឹត្ត​ព្រម​ សមាទាន​ ប្រព្រឹត្តទៅ​នូវ​វិវេក​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) គប្បី​សិក្សា​វិវេក​តែ​ម្យ៉ាង។
ថយ | ទំព័រទី ២៩៩ | បន្ទាប់