គុ​ហដ្ឋ​កសុត្ត​និទ្ទេស​ ទី២​


[៣០​] (ព្រះមានព្រះភាគ​ត្រាស់​ថា​) នរជន​ណា​ កាល​ឋិតនៅ​ ជាប់​នៅក្នុង​គុហា​ ត្រូវ​កិលេស​ដ៏​ច្រើន​ បិទបាំង​លិច​ចុះ​ក្នុង​មោហៈ​ (អារម្មណ៍​ជា​គ្រឿង​វង្វេង​) នរជន​មាន​សភាព​ដូច្នោះ​នោះ រមែង​ឋិតនៅ​ក្នុង​ទី​ឆ្ងាយ​អំពី​វិវេក ដ្បិត​កាម​ទាំងឡាយ​ក្នុង​លោក​ បុគ្គល​មិនមែន​លះបង់​បាន​ដោយ​ងាយ​ទេ។

 [៣១​] អធិប្បាយ​ពាក្យ​ថា​ ជាប់​នៅក្នុង​គុហា​ ត្រូវ​កិលេស​ដ៏​ច្រើន​បិទបាំង​ ត្រង់​ពាក្យ​ថា​ ជាប់​នៅ​ ព្រះអង្គ​ពោល​ក៏​ពិតហើយ។ តែ​ខ្ញុំ​សូម​ពោល​ត្រង់​ពាក្យ​ថា​ គុហា​ ជាមុន​សិន។ កាយ​ លោក​ហៅថា​ គុហា។ ពាក្យ​ថា​ កាយ​ក្តី​ គុហា​ក្តី​ ទេហៈ​ក្តី​ សន្ទេហៈ​ក្តី​ នាវា​ក្តី​ រថ​ក្តី​ ទង់​ក្តី​ ដំបូក​ក្តី​ សម្បុក​ក្តី​ នគរ​ក្តី​ កុដិ​ក្តី​ បូស​ក្តី​ ក្អម​ក្តី​ នេះ​ជា​ឈ្មោះ​នៃ​កាយ។ ពាក្យ​ថា​ ជាប់​នៅក្នុង​គុហា​ គឺ​ជាប់​នៅ​ផ្សេង​ៗ ជាប់​ទួ​ទៅ​ ទាក់​នៅ​ ថ្ពក់​នៅ​ ព័ន្ធព័ទ្ធ​នៅ​ក្នុង​គុហា។ ភណ្ឌៈ​ដែល​ជាប់​នៅ​ ជាប់​ផ្សេង​ៗ ជាប់​ទួ​ទៅ​ ទាក់​នៅ​ ថ្ពក់​នៅ​ ព័ន្ធ​ព័​ទ្ធ​នៅ​ឰដ៏​ចម្រឹង​ ដែល​ដោត​នឹង​ជញ្ជាំង​ក្តី​ ឰដ៏​ដៃកែវ​ក្តី​ យ៉ាងណា​ នរជន​ជាប់​នៅ​ ជាប់​ផ្សេង​ៗ ជាប់​ទួ​ទៅ​ ទាក់​នៅ​ ថ្ពក់​នៅ​ ព័ន្ធព័ទ្ធ​នៅ​ក្នុង​គុហា​ ក៏​យ៉ាងនោះ​ដែរ។
ថយ | ទំព័រទី ៤១ | បន្ទាប់