[២៨៥​] ពាក្យ​ថា​ ឬក៏​បាន​នូវ​ពាក្យ​សរសើរ​ ក្នុង​ហេតុ​នោះ​ដែរ​ សេចក្តី​ថា​ ឬក៏​បាន​ បាន​ចំពោះ​ បាន​ប្រាកដ​ តែង​បាន​នូវ​ពាក្យ​សរសើរ​ ពាក្យ​ស្ងើច​ កិតិ្តសព្ទ​ ពាក្យ​នាំមក​នូវ​សេចក្តី​សរសើរ​ ក្នុង​ហេតុ​នោះ​ គឺ​ក្នុង​ទិដ្ឋិ​របស់​ខ្លួន​ ក្នុង​សេចក្តី​គួរ​របស់​ខ្លួន​ ក្នុង​សេចក្តី​ពេញចិត្ត​របស់​ខ្លួន​ ក្នុង​លទិ្ធ​របស់​ខ្លួន​នោះ​ដែរ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) ឬក៏​បាន​នូវ​ពាក្យ​សរសើរ​ ក្នុង​ហេតុ​នោះ​ដែរ​។ ហេតុ​នោះ​ ព្រះពុទ្ធ​និមិ្មត​ ត្រាស់​សួរ​ថា​
ពួក​សមណព្រាហ្មណ៍​ណាមួយ​ ត្រាំ​នៅក្នុង​ទិដ្ឋិ​ តែង​សំដែង​ថា​ ពាក្យ​នេះ​ឯង​ ជា​ពាក្យពិត​ តើ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ នឹង​នាំមក​នូវ​ពាក្យ​និន្ទា​តែ​ម្យ៉ាង​ឬ ឬក៏​បាន​នូវ​ពាក្យ​សរសើរ​ ក្នុង​ហេតុ​នោះ​ដែរ​។
[២៨៦​] (ព្រះមានព្រះភាគ​ត្រាស់​ថា​) ផល គឺ​សេចក្តី​សរសើរ​នុ៎ះ​ មាន​បន្តិចបន្តួច​ មិន​អាច​ដើម្បី​ស្ងប់​រម្ងាប់​បានទេ​ តថាគត​ ពោល​នូវ​ផល​នៃ​វិវាទ​ ថា​មាន​ ២ ប្រការ​ បុគ្គល​កាល​ឃើញ​ទោស​នេះ​ ហើយ​ឃើញច្បាស់​នូវ​ព្រះនិព្វាន​ ជា​ភូមិ​មិន​មាន​វិវាទ​ ជាទី​ក្សេមក្សាន្ត​ រមែង​មិន​ទាស់ទែង​ទេ​។
ថយ | ទំព័រទី ២៤៩ | បន្ទាប់