[១៧៤] ការតាក់តែងណានីមួយ នៃបុគ្គលអ្នកមិនមានការញាប់ញ័រ អ្នកដឹងច្បាស់ មិនមានទេ បុគ្គលនោះ វៀរចាកការផ្តើមផ្សេងៗ រមែងឃើញសេចក្តីក្សេមក្នុងទីទាំងពួង។
[១៧៥] ពាក្យថា អ្នកមិនមានការញាប់ញ័រ អ្នកដឹងច្បាស់ សេចក្តីថា តណ្ហា លោកហៅថា ការញាប់ញ័រ បានខាង រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហាជាគ្រឿងញាប់ញ័រនុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនមានការញាប់ញ័រ។ បុគ្គលឈ្មោះថា អ្នកមិនមានការញាប់ញ័រនោះ ព្រោះលះតណ្ហា ជាគ្រឿងញាប់ញ័រហើយ រមែងមិនញាប់ញ័រក្នុងលាភខ្លះ មិនញាប់ញ័រក្នុងអលាភខ្លះ មិនញាប់ញ័រក្នុងយសខ្លះ មិនញាប់ញ័រក្នុងអយសខ្លះ មិនញាប់ញ័រក្នុងបសំសាខ្លះ មិនញាប់ញ័រក្នុងនិន្ទាខ្លះ មិនញាប់ញ័រក្នុងសុខខ្លះ មិនញាប់ញ័រ មិនកំរើក មិនរំភើប មិនរន្ធត់ មិនស្លន់ស្លោ ក្នុងទុក្ខខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនមានការញាប់ញ័រ។ ពាក្យថា អ្នកដឹងច្បាស់ គឺអ្នកដឹង ដឹងទួទៅ ដឹងច្បាស់ ដឹងចំពោះ យល់ច្បាស់ថា សង្ខារទាំងពួងមិនទៀង អ្នកដឹង ដឹងទួទៅ ដឹងច្បាស់ ដឹងចំពោះ យល់ច្បាស់ថា សង្ខារទាំងពួងជាទុក្ខ។បេ។