ពាក្យ​ថា មាន​ប្រាជ្ញា គឺ​មាន​ប្រាជ្ញា​ចាស់ ជា​បណ្ឌិត​មាន​ប្រាជ្ញា មានការ​ដឹង​ មាន​ញាណ មានការ​ភ្លឺច្បាស់ មាន​ប្រាជ្ញា​កំចាត់​បង់​កិលេស។ ពាក្យ​ថា មានស្មារតី គឺ​មានស្មារតី​ ដោយហេតុ ៤ គឺ​មានស្មារតី ចំរើន​សតិ​ប្ប​ដ្ឋាន​ជា​គ្រឿង​ពិចារណា​នូវ​កាយ​ក្នុង​កាយ​ មានស្មារតី ចំរើន​សតិ​ប្ប​ដ្ឋាន​ជា​គ្រឿង​ពិចារណា​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ មានស្មារតី ចំរើន​សតិ​ប្ប​ដ្ឋាន​ជា​គ្រឿង​ពិចារណា​នូវ​ចិត្ត​ក្នុងចិត្ត មានស្មារតី​ចំរើន​សតិ​ប្ប​ដ្ឋាន​ជា​គ្រឿង​ពិចារណា​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ។ ភិក្ខុ​នោះ ហៅថា អ្នកមាន​ស្មារតី។ ត្រង់​ពាក្យ​ថា ភិក្ខុ​នោះ សមាទាន​សិក្ខា​ដូចម្តេច​ គឺ​លោក​សួរ​អធិសីល​សិក្ខា។ ត្រង់​ពាក្យ​ថា មានចិត្ត​ខ្ពស់​ឯក គឺ​លោក​សួរ​អធិចិត្ត​សិក្ខា។ ត្រង់​ពាក្យ​ថា មាន​ប្រាជ្ញា គឺ​លោក​សួរ​អធិប្បញ្ញា​សិក្ខា។ ត្រង់​ពាក្យ​ថា មានស្មារតី​ គឺ​លោក​សួរ​សតិ​បារិសុទ្ធិ ហេតុ​នោះ (លោក​សួរ​ថា​) ភិក្ខុ​នោះ មានចិត្ត​ខ្ពស់​ឯក មាន​ប្រាជ្ញា មានស្មារតី សមាទាន​សិក្ខា​ ដូចម្តេច។
 [២២៤​] ពាក្យ​ថា ទើប​កំចាត់​បង់​មន្ទិល​របស់​ខ្លួន​បាន​ ដូច​ជាង​លោហៈ​ដែល​ដេញ​មន្ទិល​ប្រាក់ អធិប្បាយ​ថា ជាងមាស លោក​ហៅថា ជាង​លោហៈ។ ជាតរូប​ លោក​ហៅថា ប្រាក់។ ជាងមាស កំចាត់ ដុសខាត់ ដេញ​មន្ទិល​ប្រាក់​ដ៏​គ្រោតគ្រាត​ផង កំចាត់​ ដុសខាត់ ដេញ​មន្ទិល​ធុន​កណ្តាល​ផង កំចាត់ ដុសខាត់ ដេញ​មន្ទិល​ធុន​ល្អិត​ផង។
ថយ | ទំព័រទី ២៨០ | បន្ទាប់