មិន​សោក​ មិន​លំបាក​ មិន​ខ្សឹកខ្សួល​ មិន​គក់​ទ្រូង​ មិនដល់​នូវ​ការ​វង្វេង​ថា​ ញាតិសាលោហិត​របស់​អញ​ ប្រែប្រួល​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​មិន​សោក​ថា​ អញ​មិន​មាន​របស់​នេះ​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
ខន្ធ​នីមួយ​ (ដែល​គួរ​ប្រកាន់​ថា​) នេះ​របស់​អញ​ ឬថា​ នេះ​របស់​បុគ្គល​ដទៃ​ នៃ​បុគ្គល​ណា​ មិន​មាន​ទេ​ បុគ្គល​នោះ​ កាល​មិនបាន​សេចក្តី​ប្រកាន់​ រមែង​មិន​សោក​ថា​ អញ​មិន​មាន​របស់​នេះ​ ដូច្នេះ​ឡើយ​។
[១៧០​] តថាគត​ដែល​ត្រូវ​គេ​សួរ​ អំពី​ពួក​បុគ្គល​អ្នក​មិន​ញាប់ញ័រ​ហើយ​ នឹង​ពោល​នូវ​អានិសង្ស​ (នៃ​ពួក​បុគ្គល​) នោះ​ គឺ​បុគ្គល​អ្នក​មិន​មាន​សេចក្តី​ច្រណែន​ អ្នក​មិន​ប្រាថ្នា​ អ្នក​មិន​មានការ​ញាប់ញ័រ​ អ្នកមាន​ចិត្តស្មើ​ក្នុង​ធម៌​ទាំងពួង​។

 [១៧១​] អធិប្បាយ​ពាក្យ​ថា​ បុគ្គល​អ្នក​មិន​មាន​សេចក្តី​ច្រណែន​ អ្នក​មិន​ប្រាថ្នា​ សំនួរ​ថា សេចក្តី​ច្រណែន តើ​ដូចម្តេច​។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ជា​អ្នក​ច្រណែន​ រមែង​ច្រណែន​ ឈ្នានីស​ ចង​នូវ​សេចក្តី​ច្រណែន​ទុក​ ក្នុង​លាភ សក្ការៈ​ ការគោរព​ ការរាប់​អាន​ ការថ្វាយបង្គំ​ ការ​បូជា​ របស់​បុគ្គល​ដទៃ​ សេចក្តី​ច្រណែន​ អំពើ​នៃ​សេចក្តី​ច្រណែន​ សេចក្តី​ឫស្យា​ អាការ​នៃ​ឫស្យា​
ថយ | ទំព័រទី ២០២ | បន្ទាប់