សារីបុត្ត​សុត្ត​និទ្ទេស ទី១៦


[១៨៣​] (ព្រះ​សារីបុត្ត​មាន​អាយុ​ ពោល​ដូច្នេះ​ថា​) ក្នុង​កាលមុន​អំពី​កាល​នេះ ខ្ញុំ​មិនបាន​ឃើញ ទាំង​មិនបាន​ឮ (អំពីសំណាក់​) អ្នកណាមួយ​ទេ​ ព្រះ​សាស្តា មាន​ព្រះសូរសៀង​ដ៏​ពីរោះ​យ៉ាងនេះ ទ្រង់​ចុះ​ចាក​ឋាន​តុសិត​មកកាន់​ពួក។

 [១៨៤​] ពាក្យ​ថា​ ក្នុង​កាលមុន​អំពី​កាល​នេះ ខ្ញុំ​មិនបាន​ឃើញ គឺ​ក្នុង​កាលមុន​អំពី​កាល​នេះ ព្រះមានព្រះភាគ​អង្គ​នោះ​ ខ្ញុំ​មិនធ្លាប់​ឃើញ ដោយ​ចក្ខុ​នេះ ដោយ​អត្តភាព​នេះ​ទេ។ កាលដែល​ព្រះមានព្រះភាគ គង់​ចាំវស្សា​លើ​ថ្ម​បណ្ឌុ​កម្ពល​ក្រោម​ម្លប់​បារិ​ឆ្ឆ​ត្ត​កព្រឹក្ស នា​ឋាន​តាវត្តិង្ស មាន​ពួក​ទេវតា​ហែហម​ ទ្រង់​យាងចុះ​កាន់​ក្រុង​សង្កស្ស តាម​ជណ្តើរ​កែវ ត្រង់​កណ្តាល ខ្ញុំ​មិនបាន​ឃើញ​ក្នុង​កាលមុន​ វៀរលែង​នូវ​ការ​ឃើញ​នេះ។ ហេតុ​នោះ (លោក​ពោល​ថា​) ក្នុង​កាលមុន​អំពី​កាល​នេះ ខ្ញុំ​មិនបាន​ឃើញ។
 [១៨៥​] ពាក្យ​ថា​ ព្រះ​សារីបុត្ត​មាន​អាយុ (ពោល​) ថា​ដូច្នេះ​ ត្រង់​ពាក្យ​ថា ដូច្នេះ ជា​ពាក្យ​តបទ ភ្ជាប់​បទ បំពេញ​បទ ប្រជុំ​អក្ខរៈ ជា​ពាក្យ​សម្រួល​ព្យព្ជានៈ​ ពាក្យ​ថា ដូច្នេះ​នុ៎ះ គឺជា​លំដាប់​បទ។ ពាក្យ​ថា មាន​អាយុ គឺ​ពាក្យជា​ទីស្រឡាញ់​ ជា​ពាក្យ​គោរព ពាក្យ​ថា មាន​អាយុ​នុ៎ះ ជា​ពាក្យ​ប្រកបដោយ​សេចក្តី​គោរព​កោតក្រែង។
ថយ | ទំព័រទី ២១២ | បន្ទាប់