[១៩៣​] ពាក្យ​ថា ដល់​នូវ​ការ​ត្រេកអរ​តែមួយ​ព្រះអង្គ​ឯង​ អធិប្បាយ​ថា ព្រះមានព្រះភាគ​មួយ​ព្រះអង្គ​ឯង ដោយ​ចំណែក​បព្វជ្ជា មួយ​ព្រះអង្គ​ឯង​ដោយ​សេចក្តី​ថា​ មិន​មាន​បុគ្គល​ជាទី​ពីរ មួយ​ព្រះអង្គ​ឯង​ដោយ​អត្ថ​ថា លះបង់​តណ្ហា មួយ​ព្រះអង្គ​ឯង ព្រោះ​ព្រះអង្គ​ប្រាសចាក​រាគៈ​ដោយ​ចំណែក​មួយ​ មួយ​ព្រះអង្គ​ឯង ព្រោះ​ព្រះអង្គ​ប្រាសចាក​ទោសៈ​ដោយ​ចំណែក​មួយ មួយ​ព្រះអង្គ​ឯង ព្រោះ​ព្រះអង្គ​ប្រាសចាក​មោហៈ​ដោយ​ចំណែក​មួយ​ មួយ​ព្រះអង្គ​ឯង ព្រោះ​ព្រះអង្គ​មិន​មាន​កិលេស​ដោយ​ចំណែក​មួយ មួយ​ព្រះអង្គ​ឯង ព្រោះ​ព្រះអង្គ​យាង​ទៅកាន់​ផ្លូវ​ជាទី​ទៅ​នៃ​បុគ្គល​ម្នាក់ឯង​ មួយ​ព្រះអង្គ​ឯង ព្រោះ​ព្រះអង្គ​តែម្នាក់ឯង ទ្រង់​ត្រាស់​ដឹង​អនុត្តរសម្មាសម្ពោធិ​ ហេតុ​នោះ (លោក​ពោល​ថា​) តែមួយ​ព្រះអង្គ​ឯង។
 ព្រះមានព្រះភាគ មួយ​ព្រះអង្គ​ឯង ដោយ​ចំណែក​បព្វជ្ជា​នោះ​ តើ​ដូចម្តេច។ ព្រះមានព្រះភាគ កាល​នៅជា​កំឡោះ​នៅឡើយ មាន​ព្រះកេសា​ខ្មៅស្រិល ប្រកបដោយ​វ័យ​កំពុង​ចំរើន​ គឺ​បឋមវ័យ កាលដែល​ព្រះមាតា​បិតា ទ្រង់​មិន​ពេញ​ព្រះទ័យ (នឹង​ការ​ទ្រង់​ផ្នួស​) ដែល​មាន​ព្រះ​ភក្រ្ត​ជោក​ទៅ​ដោយ​ទឹកព្រះនេត្រ​ ទ្រង់ព្រះ​កន្សែង​សោយសោក​ហើយ ទ្រង់​ក៏​លះបង់​ពួក​ញាតិ កាត់​យស​បលិពោធ​ទាំងអស់ កាត់​បុត្ត​ទារ​បលិពោធ​ កាត់​ញាតិ​បលិពោធ កា​ត់​មិត្តា​មច្ច​បលិពោធ កាត់​សន្និធិ​បលិពោធ ហើយ​កោរសក់ និង​ពុកមាត់
ថយ | ទំព័រទី ២៣១ | បន្ទាប់