ព្រះមានព្រះភាគ មួយ​ព្រះអង្គ​ឯង ដោយ​សេចក្តី​ថា លះបង់​តណ្ហា​នោះ តើ​ដូចម្តេច។ ព្រះមានព្រះភាគ​អង្គ​នោះ មួយ​ព្រះអង្គ​ឯង មិន​មាន​បុគ្គល​ជាទី​ពីរ យ៉ាងនេះ​ហើយ ព្រះអង្គ​មិន​មាន​សេចក្តី​ប្រហែស​ មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស មាន​ព្រះទ័យ​បញ្ជូន​ទៅកាន់​ព្រះនិព្វាន ទ្រង់​គង់នៅ​ក្រោម​ដើមពោធិ​ព្រឹក្ស​ ទៀប​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា តាំង​ទុក​នូវ​មហា​បធាន កំចាត់​បង់​នូវ​មារ ដែល​មិនលែង​ជន​ឲ្យ​រួច​ ព្រមទាំង​សេនា​ជា​ផៅពង្ស​នៃ​អ្នក​ប្រហែស ហើយ​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​មាន​បែបភាព​នូវ​តណ្ហា​ ដែល​ជា​បណ្តាញ ជា​គ្រឿង​ហូរ​ទៅ ជាប់​នៅក្នុង​អារម្មណ៍​ផ្សេង ៗ។
បុរស​ដែល​មាន​តណ្ហា​ជាទី​ពីរ រមែង​អន្ទោល​ទៅ​អស់កាលជាយូរអង្វែង មិន​ប្រព្រឹត្ត​កន្លង​នូវ​សំសារ​វដ្ត​ ជា​ភាព​មាន​ប្រការ​យ៉ាងនេះ ជា​ភាព​មាន​ប្រការ​ដទៃ ភិក្ខុ​ដឹង​នូវ​ទោស​នុ៎ះហើយ គប្បី​ជា​អ្នក​ប្រាសចាក​តណ្ហា​ មិន​មានការ​ប្រកាន់ មានស្មារតី វៀរ​នូវ​តណ្ហា​ដែល​ជា​ដែន​កើតទុក្ខ។

 ព្រះមានព្រះភាគ ឈ្មោះថា មួយ​ព្រះអង្គ​ឯង ដោយ​សេចក្តី​ថា លះបង់​តណ្ហា​ យ៉ាងនេះ។
ថយ | ទំព័រទី ២៣៣ | បន្ទាប់