ឃើញ​លោកធាតុ​ ៥ ខ្លះ ឃើញ​លោកធាតុ ១០ ខ្លះ ឃើញ​លោកធាតុ ២០ ខ្លះ ឃើញ​លោកធាតុ ៣០ ខ្លះ ឃើញ​លោកធាតុ​ ៤០ ខ្លះ ឃើញ​លោកធាតុ ៥០ ខ្លះ ឃើញ​លោកធាតុ​យ៉ាង​តូច ១ ពាន់​ខ្លះ ឃើញ​លោកធាតុ​ជា​កណ្តាល​មួយ​ពាន់​(១) ពីរ​ជាន់​ខ្លះ ទត​ឃើញ​លោកធាតុ​មួយ​ពាន់​(២) បី​ជាន់​ខ្លះ ឈ្មោះថា ទត​ឃើញ​មហា​សហស្សី​លោកធាតុ​ខ្លះ។ មួយទៀត បើ​ព្រះមានព្រះភាគ​ ទ្រង់​ប្រាថ្នា​ត្រឹមណា គប្បី​ទត​ឃើញ​ត្រឹមណោះ។ ទិព្វចក្ខុ​របស់​ព្រះមានព្រះភាគ​ បរិសុទ្ធ​យ៉ាងនេះ។ ព្រះមានព្រះភាគ​ឈ្មោះថា មាន​ចក្ខុ​បើក​ហើយ ដោយ​ចក្ខុ​ដូចជា​ទិព្វ​ យ៉ាងនេះ។
 ព្រះមានព្រះភាគ ទ្រង់​មាន​ចក្ខុ​បើក​ហើយ ដោយ​បញ្ញាចក្ខុ តើ​ដូចម្តេច។ ព្រះមានព្រះភាគ​ ទ្រង់​មាន​ប្រាជ្ញា​ច្រើន មាន​ប្រាជ្ញា​ក្រាស់ មាន​ប្រាជ្ញា​រីករាយ មាន​ប្រាជ្ញា​រហ័ស​ មាន​ប្រាជ្ញាមុត មាន​ប្រាជ្ញា​ទំ​លុះ​ទំ​លាយ​នូវ​កិលេស ឈ្លាស​ក្នុង​ប្រភេទ​នៃ​ប្រាជ្ញា​ បែក​ព្រះ​ញាណ ទ្រង់​បាន​បដិសម្ភិទា ទ្រង់​ដល់​នូវ​សេចក្តី​ក្លៀវក្លា ៤ យ៉ាង ទ្រទ្រង់នូវ​កម្លាំង​ ១០ ជា​បុរស​ដ៏​ប្រសើរ ជា​បុរស​ដូច​សីហៈ ជា​បុរស​នាគ ជា​បុរស​អាជានេយ្យ ជា​បុរស​អាច​នាំទៅ​នូវ​ធុរៈ​ ជា​អនន្តញ្ញាណ មាន​តេជះ​ជា​អនន្ត
(១) ពាក្យ​ថា​ មួយ​ពាន់​ពីរ​ជាន់ គឺ​តាំង​មួយ​ពាន់ យក​មួយ​ពាន់​គុណ បាន ១.០០០.០០០។ (២) ពាក្យ​ថា មួយ​ពាន់​បី​ជាន់ គឺ​តាំង​មួយ​ពាន់ យក​មួយ​ពាន់​គុណ​ពីរ​លើក​ បាន​ជា ១.០០០.០០០.០០០ ហៅថា មហា​ហស្សី​លោកធាតុ។ អដ្ឋកថា។
ថយ | ទំព័រទី ៣៣ | បន្ទាប់