ចុះឈ្មោះ​ថា អន្តរាយ ព្រោះ​ជាស​ភាវៈ​គ្រប​សង្កត់ តើ​ដូចម្តេច។ អន្តរាយ​ទាំងនោះ តែង​សង្កត់សង្កិន​ គ្រប​សង្កត់ ជិះជាន់ ស្រំ​ពន្លិច រួបរឹត ញាំញី​នូវ​បុគ្គល​នោះ។ ឈ្មោះថា អន្តរាយ​ ព្រោះ​ជាស​ភាវៈ​គ្រប​សង្កត់ យ៉ាងនេះ។
 ចុះឈ្មោះ​ថា​អន្តរាយ ព្រោះ​ជាស​ភាវៈ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​សាបសូន្យ តើ​ដូចម្តេច។ អន្តរាយ​ទាំងនោះ តែង​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​សាបសូន្យ ដើម្បី​អន្តរាយ​កុសលធម៌​ទាំងឡាយ។ តែង​ប្រព្រឹត្តទៅ​ដើម្បី​សាបសូន្យ ដើម្បី​អន្តរាយ​កុសលធម៌​ទាំងឡាយ តើ​ដូចម្តេច។ តែង​ប្រព្រឹត្តទៅ​ដើម្បី​សាបសូន្យ​ ដើម្បី​អន្តរាយ​ដល់​កុសលធម៌​ទាំងនេះ គឺ​សេចក្តី​ប្រតិបត្តិ​ដោយ​ប្រពៃ សេចក្តី​ប្រតិបត្តិ​ជា​អនុលោម​ សេចក្តី​ប្រតិបត្តិ​មិនជា​សត្រូវ សេចក្តី​ប្រតិបត្តិ​ជា​ប្រយោជន៍​សមគួរ សេចក្តី​ប្រតិបត្តិ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ ការ​ធ្វើឲ្យ​ពេញ​ក្នុង​សីល​ទាំងឡាយ ការគ្រប់គ្រង​ទ្វារ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ការ​ដឹង​ប្រមាណ​ក្នុង​ភោជន ការ​ប្រក​បរឿយៗ នូវ​ការ​ភ្ញាក់រឭក ការ​មានស្មារតី​ដឹងខ្លួន​ ការ​ប្រក​បរឿយៗ នូវ​ការ​ចំរើន​សតិ​ប្ប​ដ្ឋាន ៤ ការ​ប្រក​បរឿយៗ នូវ​ការ​ចំ​រើ​នសម្ម​ប្ប​ធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គៈ​ ៧ មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ប្រសើរ។ ឈ្មោះថា អន្តរាយ ព្រោះ​ជាស​ភាវៈ​ប្រព្រឹត្តទៅ​ ដើម្បី​សេចក្តី​សាបសូន្យ​យ៉ាងនេះ។
ថយ | ទំព័រទី ៤៣ | បន្ទាប់