ចុះឈ្មោះ​ថា អន្តរាយ ព្រោះ​ជាស​ភាវៈ​អាស្រ័យ​នៅក្នុង​អត្តភាព​នោះ តើ​ដូចម្តេច។ ធម៌​អកុសល​ដ៏​លាមក​ទាំងនោះ ជា​អន្តរាយ អាស្រ័យ​ក្នុង​អត្តភាព​ កើតឡើង​ក្នុង​អត្តភាព​នោះ។ ពួក​សត្វ​អាស្រ័យ​នឹង​រូង ដេក​ក្នុង​រូង​ ​ពួក​សត្វ​អាស្រ័យ​នឹង​ទឹក ដេក​ក្នុងទឹក ពួក​សត្វ​អាស្រ័យ​នឹង​ព្រៃ ដេក​ក្នុង​ព្រៃ​ ​ពួក​សត្វ​អាស្រ័យ​នឹង​ដើមឈើ ដេក​លើ​ដើមឈើ យ៉ាងណាមិញ ធម៌​អកុសល​ដ៏​លាមក​ទាំងនោះ​ ជា​អន្តរាយ អាស្រ័យ​ក្នុង​អត្តភាព កើតឡើង​ក្នុង​អត្តភាព​នោះ ក៏​យ៉ាងនោះ​ដែរ ហេតុ​នោះ​ ឈ្មោះថា អន្តរាយ ព្រោះ​ជាស​ភាវៈ​អាស្រ័យ​នៅក្នុង​អត្តភាព​នោះ យ៉ាងនេះ​ឯង។
 សម​ដូច​ព្រះពុទ្ធដីកា​នេះ ដែល​ព្រះមានព្រះភាគ ទ្រង់​សំដែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុ​អ្នក​នៅ​រួម​នឹង​សិស្ស អ្នក​នៅ​រួម​នឹង​អាចារ្យ រមែង​នៅជា​ទុក្ខ មិន​សប្បាយ​ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​អ្នក​នៅ​រួម​នឹង​សិស្ស នៅ​រួម​នឹង​អាចារ្យ រមែង​នៅជា​ទុក្ខ​ មិន​សប្បាយ តើ​ដូចម្តេច ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ទាំងឡាយ​ជាអកុសល​ដ៏​លាមក​ ដែល​បុគ្គល​ត្រិះរិះ​ដោយ​សេចក្តី​រឭក ជាទី​តាំង​នៃ​សញ្ញោជនៈ​ កើតឡើង​ដល់​ភិក្ខុ​ក្នុង​សាសនា​នេះ ព្រោះ​ឃើញ​រូប​ដោយ​ភ្នែក ធម៌​អកុសល​ដ៏​លាមក​ទាំងនោះ​ រមែង​នៅក្នុង​ខាងក្នុង រមែង​ជាប់​តាម​ភិក្ខុ​នោះ ព្រោះហេតុនោះ (ភិក្ខុ​នោះ តថាគត​) ហៅថា អ្នក​នៅ​រួម​នឹង​សិស្ស ធម៌​អកុសល​ដ៏​លាមក​ទាំងនោះ រមែង​គ្រប​សង្កត់​ភិក្ខុ​នោះ​ ព្រោះហេតុនោះ (ភិក្ខុ​នោះ តថាគត​) ហៅថា អ្នក​នៅ​រួម​នឹង​អាចារ្យ
ថយ | ទំព័រទី ៤៤ | បន្ទាប់