[៥៣] ពាក្យថា ភិក្ខុមានព្យាយាមជាគ្រឿងដុតកំដៅកិលេស គប្បីគប់រកការភ្ញាក់រឭក អធិប្បាយថា ភិក្ខុក្នុងសាសនានេះ គប្បីដុសខាត់ចិត្តចាកពួកធម៌ជាគ្រឿងរារាំង ដោយការចង្រ្កម ដោយកិរិយាអង្គុយអស់វេលាថ្ងៃ គប្បីដុសខាត់ចិត្តចាកពួកធម៌ ជាគ្រឿងរារាំង ដោយការចង្រ្កម ដោយកិរិយាអង្គុយ អស់បឋមយាមនៃរាត្រី គប្បីសម្រេចសីហសេយ្យាស ដោយចំហៀងខាងស្តាំ អស់មជ្ឈិមយាមនៃរាត្រី យកជើងតម្រួតលើជើង ជាអ្នកមានស្មារតីដឹងខ្លួន ធ្វើទុកក្នុងចិត្តនូវឧដ្ឋានសញ្ញាក្រោកឡើង ហើយដុសខាត់ចិត្ត ចាកពួកធម៌ជាគ្រឿងរារាំង ដោយការចង្ក្រម ដោយកិរិយាអង្គុយ អស់បច្ឆិមយាមនៃរាត្រី។ ពាក្យថា គប្បីគប់រកការភ្ញាក់រឭក គឺគប្បីគប់រក គប្បីគប់រកព្រម គប្បីសេពចំពោះ នូវការភ្ញាក់រឭក ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីគប់រកការភ្ញាក់រឭក។ ពាក្យថា មានព្យាយាមជាគ្រឿងដុតកំដៅកិលេស សេចក្តីថា ការព្យាយាម លោកហៅថា ការព្យាយាមជាគ្រឿងដុតកំដៅកិលេស បានដល់ ការព្យាយាមតឹងតែង ដែលប្រព្រឹត្តទៅក្នុងចិត្ត ការខ្នះខ្នែង ការសង្វាត ការស្ទុះស្ទា ការព្យាយាម ការឧស្សាហ៍ ការប្រឹងប្រែង កម្លាំងចិត្ត ការព្យាយាមដ៏មាំ ការប្រឹងប្រែងមិនធូរថយ ការមិនដាក់ឆន្ទៈចោល ការមិនដាក់ធុរៈចោល ការផ្គងនូវធុរៈ សេចក្តីព្យាយាម ការព្យាយាមជាធំ ព្យាយាមជាកម្លាំង ព្យាយាមដោយប្រពៃ