[៥៣​] ពាក្យ​ថា ភិក្ខុ​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ គប្បី​គប់​រក​ការ​ភ្ញាក់រឭក អធិប្បាយ​ថា ភិក្ខុ​ក្នុង​សាសនា​នេះ គប្បី​ដុសខាត់​ចិត្ត​ចាក​ពួក​ធម៌​ជា​គ្រឿង​រារាំង​ ដោយ​ការ​ចង្រ្កម ដោយ​កិរិយា​អង្គុយ​អស់​វេលា​ថ្ងៃ គប្បី​ដុសខាត់​ចិត្ត​ចាក​ពួក​ធម៌ ជា​គ្រឿង​រារាំង​ ដោយ​ការ​ចង្រ្កម ដោយ​កិរិយា​អង្គុយ អស់​បឋមយាម​នៃ​រាត្រី គប្បី​សម្រេច​សី​ហសេយ្យាស ដោយ​ចំហៀង​ខាងស្តាំ​ អស់​មជ្ឈិមយាម​នៃ​រាត្រី យកជើង​តម្រួត​លើ​ជើង ជា​អ្នកមាន​ស្មារតី​ដឹងខ្លួន ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ឧដ្ឋានសញ្ញា​ក្រោក​ឡើង​ ហើយ​ដុសខាត់​ចិត្ត ចាក​ពួក​ធម៌​ជា​គ្រឿង​រារាំង ដោយ​ការ​ចង្ក្រម ដោយ​កិរិយា​អង្គុយ អស់​បច្ឆិមយាម​នៃ​រាត្រី។ ពាក្យ​ថា គប្បី​គប់​រក​ការ​ភ្ញាក់រឭក គឺ​គប្បី​គប់​រក គប្បី​គប់​រក​ព្រម គប្បី​សេព​ចំពោះ​ នូវ​ការ​ភ្ញាក់រឭក ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​គប់​រក​ការ​ភ្ញាក់រឭក។ ពាក្យ​ថា មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ សេចក្តី​ថា ការ​ព្យាយាម លោក​ហៅថា ការ​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស បាន​ដល់ ការ​ព្យាយាម​តឹងតែង​ ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ខ្នះខ្នែង ការ​សង្វាត ការ​ស្ទុះស្ទា ការ​ព្យាយាម​ ការ​ឧស្សាហ៍ ការ​ប្រឹងប្រែង កម្លាំងចិត្ត ការ​ព្យាយាម​ដ៏​មាំ ការ​ប្រឹងប្រែង​មិន​ធូរ​ថយ​ ការ​មិន​ដាក់​ឆន្ទៈ​ចោល ការ​មិន​ដាក់ធុរៈ​ចោល ការ​ផ្គង​នូវ​ធុរៈ សេចក្តី​ព្យាយាម​ ការ​ព្យាយាម​ជាធំ ព្យាយាម​ជា​កម្លាំង ព្យាយាម​ដោយ​ប្រពៃ
ថយ | ទំព័រទី ៧៣ | បន្ទាប់