ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
ភិក្ខុ​មិន​គប្បី​តាំងនៅ​ក្នុង​ការទិញ និង​ការ​លក់ មិន​គប្បី​ធ្វើ​នូវ​ការ​ឲ្យ​គេ​តិះដៀល​ក្នុង​ទីណា​មួយ​ មិន​គប្បី​ជាប់​ក្នុង​ស្រុក មិន​គប្បី​ពោល​រាក់ទាក់​នឹង​ជន​ព្រោះ​ប្រាថ្នា​លាភ​ទេ។
[៦៧​] ភិក្ខុ​មិន​គប្បី​ជា​អ្នក​អួតអាង មិន​គប្បី​ពោល​វាចា​កៀរគរ មិន​គប្បី​សិក្សា​នូវ​អំពើ​ឃ្នើសឃ្នង​ មិន​គប្បី​ពោល​ពាក្យ​ផ្ទញ់ផ្ទាល់។

 [៦៨​] ពាក្យ​ថា​ ភិក្ខុ​មិន​គប្បី​ជា​អ្នក​អួតអាង​ សេចក្តី​ថា ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ ជា​អ្នក​អួតអាង ជា​អ្នកពោល​អំនួត ភិក្ខុ​នោះ​អួតអាង​ គឺ​អួតអាង ពោល​អំនួត​ថា ខ្ញុំ​ជា​អ្នក​បរិបូរ​ដោយ​សីល ឬថា​ជា​អ្នក​បរិបូរ​ដោយ​វ័ត ឬក៏​ថា ជា​អ្នក​បរិបូរ​ដោយ​សីល​ និង​វ័ត ដោយ​ជាតិ ដោយ​គោត្រ ដោយ​ភាព​នៃ​ខ្លួន​ជា​កូន​អ្នកមាន​ត្រកូល ដោយ​ភាព​នៃ​ខ្លួន​មាន​សម្បុរ​ល្អ​ ដោយ​ទ្រព្យ ដោយ​ការ​រៀន ដោយ​ការងារ ដោយ​សិប្បៈ ដោយ​ថ្នាក់​នៃ​វិជ្ជា ដោយ​ការចេះដឹង ដោយ​បដិភាណ​ ឬដោយ​វត្ថុ​ណាមួយ ថា​ជា​អ្នក​ចេញ​អំពី​ត្រកូល​ខ្ពស់​ហើយ​បួស
ថយ | ទំព័រទី ៩៥ | បន្ទាប់